នាយករដ្ឋមន្ត្រីវៀតណាម នឹងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីវៀតណាម នឹងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

នាយករដ្ឋមន្ត្រីវៀតណាម នឹងបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ពីការបន្តជំរុញអ្នកវិនិយោគរបស់ខ្លួន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម ខណៈដែលកម្ពុជា បានប្រកាសស្វាគមន៍ និងបន្តបង្កលក្ខណៈ ងាយស្រួលជូនដល់វិនិយោគិនបរទេស និងអ្នកទេសចរវៀតណាម ដែលមកវិនិយោគ និងទស្សនាកម្ពុជាបន្ថែមទៀត ។

Advertisement

នាឱកាសនៃជំនួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។

ឯកឧត្តម បានបញ្ជាក់ថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា និងមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងនោះ កម្ពុជា នឹងសម្រេចគោលដៅ នៃការអភិវឌ្ឍជាមិនខានឡើយ។ វៀតណាម បន្តអនុវត្តឱ្យបានសម្រេចនូវការឯកភាពគ្នា រវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងវៀតណាម និយាយដោយឡែក និងនិយាយជារួម រវាងថ្នាក់ដឹកនាំប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅកម្ពុជា ។

នៅឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រី ពីការអះអាងជាថ្មីរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាម ដោយបានបញ្ជាក់ច្បាស់ ពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងកម្រិតជាតិ និងក្រោមជាតិ ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ុង កាលពីខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងទទួលបាននូវលទ្ធផលសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ ក្នុងនោះប្រមុខដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្ម ទ្វេភាគីឱ្យសម្រេចបានទំហំ ២០ ពាន់លានដុល្លារ នាពេលអនាគត ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ដោយមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម បានណែនាំក្រសួងស្ថាប័នទាំងអស់ អនុវត្តជាបន្ទាន់រាល់កិច្ចព្រមព្រៀងទាំងអស់នោះ ដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងសងខាង។ ឯកឧត្តម បានស្នើសម្តេចប្រធានរដ្ឋសភា បន្តជំរុញលើកទឹកចិត្តឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាក្នុងជួរថ្នាក់ដឹកនាំប្រទេសទាំងពីរជាបន្តទៀត។ វៀតណាម គាំទ្រចំពោះគម្រោងលើកកម្ពស់សហគ្រាស ខ្នាតតូច និងមធ្យម នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ ភាគីវៀតណាម ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រ និងផ្តល់កិច្ចសហការជាមួយវៀតណាម ក្នុងបេសកកម្មរុករកអដ្ឋិធាតុ យុទ្ធជនវៀតណាម ដែលបានពលីនៅកម្ពុជា ។

រដ្ឋសភាសូមអបអរសាទរ និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ហើយទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងជាលំដាប់ និងលើសពីការរំពឹងទុក។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ បានកើនឡើងរហូតដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ដោយឡែក នៅឆ្នាំ២០២៦នេះ មានការរំពឹងថា នឹងកើនឡើងរហូតដល់ជាង ១២ពាន់លានដុល្លារអាមេរិក ។ កម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្ម ឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ស្វាគមន៍ និងបន្តជំរុញបង្កលក្ខណៈ ងាយស្រួលជូនបន្ថែមទៀតដល់វិនិយោគិនបរទេស និងអ្នកទេសចរវៀតណាម មកវិនិយោគ និងទស្សនាកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេច បានស្នើឱ្យភាគីវៀតណាម ពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ដូចជា វិស័យកសិកម្ម អប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម ។

ក្រៅពីពាណិជ្ជកម្ម ឆ្លៀតក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេច បានថ្លែងអំណរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម ហើយវៀតណាម នៅតែបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តចែករំលែកព័ត៌មានគ្នាឱ្យបានទាន់ពេលវេលា និងសហការចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចបានបន្តថា ប្រឈមនឹងឧបសគ្គ ពីការឈ្លានពានរបស់ប្រទេសជិតខាង ក៏ដូចជាសង្គ្រាមសកលលោក កម្ពុជា បានខិតខំពង្រឹងសាមគ្គីជាតិ និងភាពធន់ជាតិ ដើម្បីប្រែក្លាយឧបសគ្គជាឱកាស ក្នុងការអភិវឌ្ឍជាតិ ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលបានគាំទ្រ ឱ្យមានដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងបានចូលរួម ក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមមិត្តវៀតណាម បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តដំណើរការសន្តិភាព ជាពិសេស ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងតួនាទីរបស់ AOT ផងដែរ។ ភាគីវៀតណាម មានជំនឿ និងត្រៀមចូលរួមដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហា ដោយសន្តិវិធី ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា