វៀតណាម ចង់បង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ចង់បង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរួម

វៀតណាម ចង់បង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរួម

ប្រទេសវៀតណាម ដែលជាទីផ្សារនាំចេញកសិផលដ៏សំខាន់មួយរបស់កម្ពុជា កំពុងចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

Advertisement

លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានបញ្ជាក់ដូច្នេះ នៅចំពោះមុខសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

លោក តូ ឡឹម បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ដោយលោកបានលើកឡើងពីការទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង ក្នុងគោលបំណងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី។ លោកអះអាងថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។

នៅក្នុងជំនួបខាងលើនោះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាមកន្លងមក វៀតណាមនឹងពង្រីកការវិនិយោគនៅកម្ពុជា ពិសេសវិស័យកែច្នែកសិផល។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកត់សម្គាល់ឃើញថា វៀតណាម គឺជាអ្នកប្រមូលទិញវត្ថុធាតុដើមផលិតផលកសិកម្មដ៏ធំបំផុតរបស់កម្ពុជា ដូច្នេះ កម្ពុជាស្ទើតែមិនអាចខ្វះបាននូវការធ្វើពាណិជ្ជកម្មជាមួយវៀតណាម។

បើតាមលោក អួន ស៊ីឡុត ទិន្នន័យក្រៅផ្លូវការ បង្ហាញថា នៅរយៈពេល ៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម ប្រមាណ ១លានតោន ដែលគិតជាទឹកប្រាក់ជាង ១ពាន់៧០០លានដុល្លារ កើនឡើងជិត ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់កម្ពុជា បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៤,៧ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញដែលកម្ពុជា បាននាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ជាង ២,៥ពាន់លានដុល្លារ។ រីឯការនាំចូលពីវៀតណាមមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ២,២ពាន់លានដុល្លារ។

ប្រទេសទាំងពីរបានកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២០ពាន់លានដុល្លារនៅបណ្តាឆ្នាំខាងមុខ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា