ខេត្តកំពង់ឆ្នាំងនឹងរៀបចំការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរដែលបានយាងត្រឡប់មកកម្ពុជាវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកំពង់ឆ្នាំងនឹងរៀបចំការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរដែលបានយាងត្រឡប់មកកម្ពុជាវិញ

ខេត្តកំពង់ឆ្នាំងនឹងរៀបចំការតាំងពិព័រណ៍រូបថតវត្ថុបុរាណខ្មែរដែលបានយាងត្រឡប់មកកម្ពុជាវិញ

នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំ តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ។​
 
ការតាំងពិព័រណ៍នេះ នឹងបើកទទួលសាធារណជនចូលទស្សនាដោយសេរី រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។
 
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មាន AMS ថា រូបថតវត្ថុបុរាណខ្មែរសរុបចំនួន៣០ផ្ទាំង នឹងដាក់តាំងបង្ហាញឱ្យសាធារណជនបានទស្សនា។ ក្នុងនោះ២០ផ្ទាំងរំលេចនូវវត្ថុបុរាណខ្មែរដែលបានវិលត្រឡប់មកកម្ពុជាវិញ និង១០ផ្ទាំងទៀតជារូបភាពវត្ថុបុរាណខ្មែរដែលបានបាត់បង់ និងកំពុងទាមទារត្រឡប់មកវិញ។ 
 
លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំការតាំងពិព័រណ៍រូបវត្ថុបុរាណខ្មែរនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារវត្ថុបុរាណខ្មែរដែលបាត់បង់ បញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
 
ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង  បានបញ្ជាក់ថា ពិព័រណ៍នេះ មិនមានការដាក់តាំងវត្ថុបុរាណពិតប្រាកដនោះទេ គឺបង្ហាញត្រឹមរូបភាព និងព័ត៌មានលម្អិតប៉ុណ្ណោះ ខណៈវត្ថុបុរាណពិតប្រាកដកំពុងរក្សាទុកនៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។​

គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០២៥៕

Advertisement

 សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា