កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

នៅចំពោះមុខអង្គការសហប្រជាជាតិ កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីន និងរួមចំណែករក្សាសន្តិភាពពិភពលោក។ ប៉ុន្តែស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងរំដោះផ្ទៃដីមានមីន ពេលនេះកម្ពុជាត្រូវមានបន្ទុកថ្មីមួយទៀត គឺបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ធមិនទាន់ផ្ទុះ ដែលទម្លាក់ដោយកងទ័ពថៃ ហើយកំពុងបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់មនុស្សធម៌។
 
ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរពីសង្គ្រាម បានបន្តដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍នៃការបោសសម្អាតគ្រាប់មីន និងសកម្មភាពមនុស្សធម៌។
 
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាព ក្រោមប្រធានបទ «សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៩ កក្កដា ឯកឧត្តម យោង ចាន់សុភារ ភារធារីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា សកម្មភាពមីនមិនត្រឹមតែជាកិច្ចការមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគយ៉ាងសំខាន់លើការកសាង និងថែរក្សាសន្តិភាពប្រកបដោយចីរភាព។
 
រហូតមកទល់ពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលធំធេង ដោយបានរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរហូតដល់ជិត ៣ពាន់ ៦០០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីរំដោះគ្រាប់មីនប្រឆាំងមនុស្សជិត ២ ៦០០ គីឡូម៉ែត្រការ៉េ។ លើសពីនេះ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ពីប្រទេសទទួលជំនួយ ទៅជាប្រទេសចូលរួមជួយសកលលោក ដោយបានបញ្ជូនកងរក្សាសន្តិភាព និងអ្នកជំនាញដោះមីនប្រមាណ ១ ម៉ឺននាក់ទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០០៦។
 
ទន្ទឹមនឹងការប្តេជ្ញាចិត្តរំដោះផ្ទៃដីឱ្យអស់គ្រាប់មីនត្រឹមឆ្នាំ២០៣០ កម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌រយៈពេលវែង ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមពីភាគីថៃ។ ការណ៍នេះបានបង្កើតជាសម្ពាធបន្ថែមលើការងារវាស់វែង ស្រាវជ្រាវ ការបោសសម្អាត និងការសង្គ្រោះជនរងគ្រោះ។
 
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ខែដើមឆ្នាំ២០២៦ នេះ ក្រុមការងារជំនាញបានចុះស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់នៅតាមខេត្តជាប់ព្រំដែនទាំង៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង។ តាមរយៈការស្រាវជ្រាវនេះបានរកឃើញទីតាំងទម្លាក់គ្រាប់បែកចំនួនផ្ទៃដីជាង ៤ ៨០០ហិកតា និងទីតាំងគ្រាប់បែកចង្កោមលើផ្ទៃដីជាង ២៦ម៉ឺនហិកតា។
 
តាមការប៉ាន់ស្មាន ភាគីថៃបានបាញ់គ្រាប់បែកចង្កោមប្រភេទ ១៥៥មម ប្រមាណ ១៣ម៉ឺនគ្រាប់ ដោយបន្សល់ទុកកូនគ្រាប់បែកចង្កោម ប្រភេទ M42, M46 និង M85 ប្រមាណ ៧លានគ្រាប់ ហើយគ្រាប់ទាំងនោះមានអត្រាមិនទាន់ផ្ទុះខ្ពស់រហូតដល់ទៅ ៣០%។
 
ឯកឧត្តម ហេង រតនា បានបញ្ជាក់ទៀតថា បើបូកសរុបទីតាំងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ផ្ទៃដីរងផលប៉ះពាល់មានទំហំសរុបជិត ៤០ម៉ឺនហិកតា។ ប៉ុន្តែនេះគ្រាន់តែជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះនៅមានតំបន់សមរភូមិជួរមុខ និងភូមិសាស្ត្រចំនួន ១៤ភូមិទៀត ដែលមិនទាន់អាចចូលទៅស្រាវជ្រាវបាននៅឡើយទេ។
 
យោងតាមស៊ីម៉ាក់ នៅក្នុងប្រតិបត្តិការរំដោះផ្ទៃដីទាំងនេះ កម្លាំងជំនាញបានស្វែងរកឃើញ និងធ្វើការកម្ទេចចោលនូវគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានជាង ៨ ៤០០គ្រាប់​ ក្នុងនោះមានគ្រាប់បែកចង្កោមជាងពាក់កណ្តាល៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា