ផ្លែផ្កានៃទស្សនកិច្ចផ្លូវការ របស់ប្រមុខសម្ដេចប្រធានរដ្ឋសភាកម្ពុជានៅ​ប្រទេសវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លែផ្កានៃទស្សនកិច្ចផ្លូវការ របស់ប្រមុខសម្ដេចប្រធានរដ្ឋសភាកម្ពុជានៅ​ប្រទេសវៀតណាម

ផ្លែផ្កានៃទស្សនកិច្ចផ្លូវការ របស់ប្រមុខសម្ដេចប្រធានរដ្ឋសភាកម្ពុជានៅ​ប្រទេសវៀតណាម

កណ្ដាល៖គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​បញ្ចប់​ដំណើរ​បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម ប្រកបដោយលទ្ធផលផ្លែផ្កា និងនាំ​មកនូវ​ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋទាំងសងខាង ។សម្ដេច​បានអញ្ជើញនិវត្តន៍ប្រកបដោយសុវត្ថិភាព​នារាត្រី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រាប់អ្នក​សារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូកម្ពុជា​បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិង​ជាប្រធានរដ្ឋ​វៀតណាម ,បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា ,បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី និងបានទទួលជួបសម្តែង​ការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភា វៀតណាម-កម្ពុជា ផងដែរ ។

ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាបាន​ឱ្យដឹងថា ក្នុងទស្សនកិច្ចនេះសម្តេចរដ្ឋសភាធិបតី បាន​សម្តែង ការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកំណើន​ពាណិជ្ជកម្មរវាង​កម្ពុជា និងវៀតណាម ដែលសម្រេចបានជាង ១១,៣៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលនាយរដ្ឋមន្ត្រី​ប្រទេសទាំងពីរ មានការប្តេជ្ញា​ខ្ពស់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចបានទំហំ២០ពាន់​លានដុល្លារនាពេលអនាគត និងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន​ឱ្យកាន់តែជិតស្និទ្ធ ។

ថ្នាក់ដឹកនាំកំពូលវៀតណាម បានសាទរចំពោះការអភិវឌ្ឍលើគ្រប់​វិស័យរបស់កម្ពុជា ។ ភាគីវៀតណាម បានលើកឡើងថា បច្ចុប្បន្ន វៀតណាម កំពុងធ្វើយុទ្ធនាការ៥០០ថ្ងៃ នៃការរុករក និងបញ្ជូនអដ្ឋិធាតុ​យុទ្ធជនពលីវៀតណាម និងត្រៀមរៀប ចំខួបទី៨០ (១៩៤៧-២០២៧) នៃទិវាយុទ្ធជនពលីនិងពិការ ហើយភាគីវៀតណាម សូមថ្លែងអំណរ​គុណ ដល់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្រក្នុង​យុទ្ធនាការដ៏សំខាន់នេះ ។

ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្នាក់ដឹកនាំសភា រដ្ឋសភាប្រទេសទាំងពីរ បានឯកភាពលើការជំរុញការអនុវត្តជាក់ស្តែងនិង មាន ប្រសិទ្ធភាព​ខ្ពស់លើគ្រប់វិស័យ និងគ្រប់កម្រិត ។ រដ្ឋសភាប្រទេសទាំងពីរ ក៏បាន​ឯកភាព​គ្នាឱ្យមានការពិនិត្យ និងកែសម្រួល លើខ្លឹមសារអនុស្សរណៈ​ការយោគយល់គ្នា នៃរដ្ឋសភាប្រទេសទាំងពីរដែលបានចុះហត្ថ​លេខា​កាលពីឆ្នាំ២០២២ និងធ្វើវិសោធន កម្មឱ្យឆ្លើយតបតាមតម្រូវការ និងបរិបទជាក់ស្តែង ។ ខណៈឆ្នាំ២០២៧ គឺជាខួប ៦០ឆ្នាំ នៃទំនាក់​ទំនងការទូតកម្ពុជា-វៀតណាម ភាគីទាំងពីរ នឹងធ្វើសកម្មភាពរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតលើការភ្ជាប់ទំនាក់ទំនង​ប្រជាជននិងប្រជាជន ។

សម្តេចក៏បានគូសបញ្ជាក់ថា កម្ពុជា មានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និងមានសង្គតិភាព រវាងការ ទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ។ បច្ចុប្បន្ន ការទូតសភា កំពុងដើរ​តួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌ សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយក​ប្រជាជនជាស្នូល។ កម្ពុជាប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវ គោលការណ៍ដោះ ស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយ​ប្រឆាំងដាច់​​ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុង ការកែប្រែខ្សែ​បន្ទាត់ព្រំដែនអន្តរជាតិ។

ភាគីប្រទេសវៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាននិងរួមចំណែក ក្នុងការថែរក្សាស្ថិរភាព និង សន្តិសុខ​ក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជានិងថៃអាចរកដំណោះស្រាយ​ដោយសន្តិវិធី។ ក្នុងនាមជាប្រទេសជិតខាងល្អ និង សមាជិកគ្រួសារ​អាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិក អាស៊ាន ឬបញ្ហាណាមួយ ដែលគម្រាមកំហែងដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈកម្មការ រដ្ឋសភាវៀតណាម ផ្សេងៗគ្នា ដើម្បីចែករំលែកព័ត៌មាននិងការផ្លាស់ប្តូរបទពិសោធការ​ងារទៅវិញទៅមកផងដែរ ។

អំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនទូរ គមនាគមន៍វៀតតែល (Viettel) ដែលវិនិយោគប្រព័ន្ធទូរស័ព្ទ នៅកម្ពុជា ឈ្មោះក្រុមហ៊ុនមិត្តហ្វូន និងបានទស្សនកិច្ចនៅ មន្ទីរពេទ្យយោធាវៀតណាម ១០៨ ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងជំរុញការវិនិយោគនិងបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្លើយតបឧត្តមប្រយោជន៍​ប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ ៕


ដោយ៖ស៊ូ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា