រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប។

Advertisement

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់នូវស្ថានភាពពិតនៅលើដី និងក្លាយជាសក្ខីភាពអន្តរជាតិចំពោះផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនោះ យោធាថៃបានព្យាយាមវាយលុក និងកាន់កាប់តំបន់អានសេះ ប៉ុន្តែមិនអាចសម្រេចគោលបំណងបានឡើយ។ ផ្ទុយទៅវិញ ការវាយប្រហារបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញអាស្រម និងរូបសំណាកលោកតាអ៊ំ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋកម្ពុជា និងជាភស្តុតាងនៃការប្រើកម្លាំងប្រដាប់អាវុធលើទឹកដីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា វត្តមានរបស់អនុព័ន្ធយោធាបរទេសនៅទីតាំងនេះ មិនមែនជាការទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែជាការសង្កេតការណ៍ដោយផ្ទាល់លើស្ថានភាពក្រោយបទឈប់បាញ់។ អ្វីដែលពួកគេបានឃើញ គឺជាសក្ខីភាពរស់អំពីផលប៉ះពាល់នៃសកម្មភាពយោធារបស់ថៃ និងជាការបញ្ជាក់ថា តំបន់អានសេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបញ្ជាក់នេះ ស្របគ្នានឹងការពន្យល់របស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានបញ្ជាក់ថា តំបន់អានសេះ ស្ថិតក្នុងទឹកដីកម្ពុជា ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងផែនទីដែលមានតម្លៃផ្នែកច្បាប់ រួមមាន ផែនទីមាត្រដ្ឋាន ១:២០០,០០០ និងកំណត់ហេតុបោះបង្គោលព្រំដែន (Procès-Verbaux: PV) របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា លើសពីនេះទៅទៀត សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១:៥០,០០០ ដែលភាគីថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញភាពស្របគ្នាជាមួយការកំណត់ទីតាំងនេះក្នុងទឹកដីកម្ពុជាផងដែរ។ ហេតុដូច្នេះ ការចុះពិនិត្យរបស់អនុព័ន្ធយោធាបរទេស មិនត្រឹមតែជាការតាមដានការអនុវត្តបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសក្ខីភាពអន្តរជាតិអំពីការពិតនៅលើដី និងអំពីអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់អានសេះ ដែលមានមូលដ្ឋានទាំងលើការគ្រប់គ្រងជាក់ស្តែង និងលើឯកសារច្បាប់ប្រវត្តិសាស្ត្រដែលបានទទួលស្គាល់៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា