អ្នករាយការណ៍ពិសេសអ.ស.ប ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេសអ.ស.ប ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា

អ្នករាយការណ៍ពិសេសអ.ស.ប ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា

ភ្នំពេញ៖អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរចំពោះកម្ពុជាព្រមទាំងបាន​បញ្ជាក់​ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។

Advertisement

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦បានអនុញ្ញាតជូនលោក ថូម៉ាស អាន់ឌ្រូ (homas Andrews)អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជាជួបសម្តែង​ការគួរសម និងពិភាក្សាការងារ​នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបលោក​ ថូម៉ាស អាន់ឌ្រូ បានជម្រាប​សម្តេច​ធិបតី​ថា​ ក្នុង​ដំណើរបំពេញបេសកកម្មការងាររបស់លោកៗ ​បាន​ជួប​ពិភាក្សា​ការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល​ ។លោកក៏​បានបំពេញទស្សនកិច្ច​នៅ​ជំរំជនភៀសសឹក​ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។លោកបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ​និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅ​ឋាន​វិញបាន។

មកនិយាយអំពីសិទ្ធមនុស្សនៅកម្ពុជាវិញ លោកបានកោតសរសើរកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹង​សិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍​ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការ​ក្នុងស្មារតី​ស្ថាបនា និងប្រកបដោយសមធម៌។

សម្តេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាព​ជា​មូលដ្ឋានដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស​ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំ សុខភាព និងការអប់រំ ជាដើម។

ទន្ទឹមនឹងនេះសម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និង​ស្រប​តាមដែនកំណត់នៃច្បាប់។សម្ដេចបានបន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស​ គឺត្រូវស្ថិតនៅក្រោមច្បាប់​ ហើយប្រទេសនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសផ្សេងៗ​ពីគ្នា។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស​ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលើក​ទឹក​ចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង​ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែក​ដល់ការអនុវត្ត​ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ។

ក្នុងឱកាសដដែលនេះ សម្ដេចធិបតី ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីការវិវត្ត​នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​បញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ,ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា​ និងថៃ ៕


ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា