វៀតណាមជឿជាក់ថា កម្ពុជា-ថៃអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមជឿជាក់ថា កម្ពុជា-ថៃអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

វៀតណាមជឿជាក់ថា កម្ពុជា-ថៃអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

វៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាន និងរួមចំណែកក្នុងការថែរក្សាស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជា និងថៃ អាចរកដំណោះស្រាយដោយសន្តិវិធី។
 
ក្នុងនាមជាប្រទេសជិតខាងល្អ និងសមាជិកគ្រួសារអាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិកអាស៊ាន ឬបញ្ហាណាមួយ ដែលគំរាកំហែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
 
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច ឃួន សុដារី បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំងក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។
 
សម្ដេច ឃួន សុដារី បញ្ជាក់ទៀតថា កម្ពុជាមានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និងមានសង្គតិភាព រវាងការទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ដើម្បីបង្កើននូវប្រសិទ្ធភាព និងភាពបត់បែនខ្ពស់ ស្របទៅតាមការប្រែប្រួលយ៉ាងលឿន នៃភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចតំបន់ និងសកល។
 
បច្ចុប្បន្ន ការទូតសភាកំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាស្នូល។
 
សូមបញ្ជាក់ថា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានធ្វើដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ អំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្នុងនោះមាន៖ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋ, ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា, និង ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា