កម្ពុជា ប្តេជ្ញាបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្តេជ្ញាបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០៣០

កម្ពុជា ប្តេជ្ញាបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០៣០

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាព នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យោង ចាន់សុភារ ភារធារីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទោះបីកម្ពុជាប្រឈមនឹងផលប៉ះពាល់មនុស្សធម៌ពីជម្លោះព្រំដែនក៏ដោយ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយសកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥។

Advertisement

ឯកឧត្តម យោង ចាន់សុភារ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំដោះផ្ទៃដីដែលមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុប ៣ ៥៩៨ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីដែលមានគ្រាប់មីនប្រឆាំងមនុស្សចំនួនជិត ២ ៦០០ គីឡូម៉ែត្រការ៉េ។

ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកងរក្សាសន្តិភាពចំនួន ១ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យនូវ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

តែយ៉ាងណា ឯកឧត្តមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្ថានការណ៍នេះមិនត្រឹមតែបង្កផលវិបាកមនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបន្ទុកលើការងារវាស់វែង និងស្រាវជ្រាវ ការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការផ្តល់ជំនួយដល់ជនរងគ្រោះនៅកម្ពុជាផងដែរ។

លោក ទេព កល្យាណ អ្នកនាំពាក្យអាជ្ញាធរមីន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពុជានៅសល់ផ្ទៃដីមានមីនចំនួន ៥៥៧គីឡូម៉ែត្រការ៉េទៀត ដែលត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០៣០ខាងមុខនេះ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា