ក្រសួងមហាផ្ទៃស្នើសុំរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១កញ្ញាក្រោយគ្រោះថ្នាក់និងអ្នកស្លាប់កើនឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃស្នើសុំរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១កញ្ញាក្រោយគ្រោះថ្នាក់និងអ្នកស្លាប់កើនឡើង

ក្រសួងមហាផ្ទៃស្នើសុំរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១កញ្ញាក្រោយគ្រោះថ្នាក់និងអ្នកស្លាប់កើនឡើង

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីអត្រាគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់បានស្ទុះឡើងក្នុងអំឡុងពេលនៃការផ្អាករឹតបន្តឹងជាបណ្តោះអាសន្ន។

Advertisement

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ស្នើគោលការណ៍ទៅសម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីសុំអនុញ្ញាតចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ ការស្នើសុំរឹតបន្តឹងច្បាប់សារជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបានផ្អាកមួយរយៈពេលកន្លងមក ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល បណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប៉ុន្តែក្នុងអំឡុងពេលផ្អាកនោះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានស្ទុះកើនឡើងវិញយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ នេះបើតាមលិខិតស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៣០ កក្កដា និងបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃសុក្រទី៣១ ខែកក្កដា ។

យោងតាមរបាយការណ៍ផ្លូវការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងចំនួន ១ ២៧៩លើក ដែលមានកំណើន ២១៣លើក ស្មើនឹង ២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានត្រឹមតែ ១ ០៦៦លើក។ ការកើនឡើងនេះ បានបណ្តាលឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៧៣នាក់ គឺកើនឡើង ៧៩នាក់ ស្មើនឹង ១១ភាគរយ និងអ្នករបួសមានចំនួនជិត ២ពាន់នាក់ គឺកើនឡើង ៤៦៨នាក់ ស្មើនឹង ៣២ភាគរយ។

ប្រភពដដែលបានគូសបញ្ជាក់ថា រាជធានី និងខេត្តដែលមានអត្រាគ្រោះថ្នាក់កើតឡើងច្រើនជាងគេ រួមមាន រាជធានីភ្នំពេញចំនួន ៤៦១លើក ខេត្តព្រះសីហនុចំនួន ៩២លើក ខេត្តកណ្តាលចំនួន ៧៥លើក ខេត្តកំពង់ស្ពឺចំនួន ៥៧លើក និងខេត្តស្វាយរៀងចំនួន ៥៥លើក។

ភាគច្រើនលើសលប់នៃការបង្កគ្រោះថ្នាក់ គឺបណ្តាលមកពីកត្តាអ្នកបើកបរមិនគោរពច្បាប់ ឬធ្វេសប្រហែស ដែលស្តែងឱ្យឃើញថា ស្មារតីអ្នកបើកបរ ខ្លាចនគរបាល ជាងខ្លាចច្បាប់។
ជំនាញចរាចណ៍នៃក្រសួងមហាផ្ទៃ បានបង្ហាញថា មូលហេតុបង្កគ្រោះថ្នាក់ចម្បងៗ រួមមាន ការបើកបរក្នុងល្បឿនលឿនដែលមានរហូតដល់ ៤៦ភាគរយ ,ការមិនគោរពសិទ្ធិអាទិភាព ២២ភាគរយ , ការមិនប្រកាន់ស្តាំ ១២ភាគរយ , ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៧ភាគរយ , ការបត់មិនប្រយ័ត្ន ៦ភាគរយ ,ការបើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ ,ការមិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត ១ភាគរយ។

ផ្អែកលើភាពជាក់ស្តែង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងអនុវត្តការរឹតបន្តឹងច្បាប់ដោយផ្តោតលើភូមិសាស្ត្រក្តៅដែលមានគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

យោងតាមក្រសួងមហាផ្ទៃ ការត្រួតពិនិត្យ នឹងធ្វើឡើងយ៉ាងម៉ឺងម៉ាត់លើបទល្មើសដែលជាប្រភពបង្កគ្រោះថ្នាក់ចម្បងៗ រួមមាន ការបើកបរលើសល្បឿនកំណត់ ,ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង, ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ,ការដឹកជញ្ជូនទំនិញសំពីងសំពោង និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាដើម៕


ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា