អគ្គិភ័យនៅរោងចក្រកែច្នៃលោហៈមួយ កំពុងបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គិភ័យនៅរោងចក្រកែច្នៃលោហៈមួយ កំពុងបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន

អគ្គិភ័យនៅរោងចក្រកែច្នៃលោហៈមួយ កំពុងបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន

ក្រសួងបរិស្ថានបានចុះស្រាវជ្រាវករណីផ្ទុះឆេះទីតាំងកែថ្នៃថ្មពិល និងអាគុយចាស់ៗមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ក្រោយអគ្គិភ័យនេះកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ក្រោយមានអគ្គិភ័យនៅទីតាំងស្ល និងកែច្នៃលោហៈ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ក្នុងខេត្តកំពង់ស្ពឺរួចមក មន្រ្តីជំនាញក្រសួងបរិស្ថានបានចុះស្រាវជ្រាវរកមូលហេតុ និងសិក្សាផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការសន្និដ្ឋាន និងការចុះពិនិត្យដោយផ្ទាល់ ករណីឆេះនេះអាចបង្កឡើងដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយជប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វរស់នៅក្បែរទីតាំងកែច្នៃ ។

ក្រសួងបញ្ជាក់បន្ថែមថា គិតត្រឹមនៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ០២៦ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុន្លែងកន្លែងស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។

ទីតាំឡស្ថិតនៅចម្ងាយ ៥០ ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និង ចម្ងាយ ១០ ម៉ែត្រពីកសិដ្ឋានចិញ្ចឹមមាន់មួយ ដែលមានប្រមាណ២ម៉ឺនក្បាល។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ជាង ២០០០ក្បាល បានងាប់។

ក្រុមការងារបានវាស់គុណភាពខ្យល់បានឃើញ កម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយក្រុមការងារកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទៅតាំងស្លលោហៈ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។

មន្រ្តីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់សម្រាប់ពលរដ្ឋ ដោយត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង ព្រមទាំងការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល។

ជាមួយគ្នានេះក្រុមមន្រ្តីជំនាញ កំពុងតាមដានក្រុមមនុស្សងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម។ បើមានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនងនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

គួរបញ្ជាក់ថា ទីតាំងនេះបានទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និងទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ បានរយ:ពេល ០១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហៈ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្ម ដោយពុំមានរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិល។

ការពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃធ្វើប្រពឹត្តកម្មសំណល់អាគុយ និងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កផលប៉ះពាល់បរិស្ថាន គឺជាការល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា