កសិករកម្ពុជា និយមដាំស្វាយចន្ទីគ្រាប់ធំ ឆ្លើយតបតម្រូវការខ្ពស់នៅទីផ្សារអាស៊ីបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករកម្ពុជា និយមដាំស្វាយចន្ទីគ្រាប់ធំ ឆ្លើយតបតម្រូវការខ្ពស់នៅទីផ្សារអាស៊ីបូព៌ា

កសិករកម្ពុជា និយមដាំស្វាយចន្ទីគ្រាប់ធំ ឆ្លើយតបតម្រូវការខ្ពស់នៅទីផ្សារអាស៊ីបូព៌ា

ស្វាយចន្ទីកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ដោយសារគុណភាពល្អ រសជាតិឆ្ងាញ់ និងមានគ្រាប់ធំ ដែលសមស្របទៅនឹងតម្រូវការរបស់ទីផ្សារអាស៊ីបូព៌ា ជាពិសេសទីផ្សារប្រទេសចិន។ និន្នាការនេះក៏បានជំរុញឱ្យកសិករកម្ពុជាងាកមកដាំពូជស្វាយចន្ទីគ្រាប់ធំកាន់តែច្រើនផងដែរ។

Advertisement

គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសអាស៊ីបូព៌ា ជាពិសេសប្រទេសចិន ដែលមានតម្រូវការខ្ពស់លើគ្រាប់ស្វាយចន្ទីប្រភេទគ្រាប់ធំ W180 ខណៈទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ និយមប្រភេទ W230 ដែលមានគ្រាប់តូចជាង។

លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា គ្រាប់ស្វាយចន្ទី W180 គឺដូចគ្នានឹងពូជ M23 របស់កម្ពុជា ដែលកំពុងក្លាយជាជម្រើសសំខាន់របស់កសិករ ដោយសារវាមានរសជាតិឆ្ងាញ់ គុណភាពល្អ និងលក់បានតម្លៃខ្ពស់។ ផ្ទុយទៅវិញ ប្រភេទ W230 ត្រូវបានដាំច្រើននៅប្រទេសវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក ដើម្បីផ្គត់ផ្គង់ទីផ្សារអឺរ៉ុប និងអាមេរិក។

លោក អូន ស៊ីឡុត បានបញ្ជាក់ថា តម្លៃលក់ដុំគ្រាប់ស្វាយចន្ទីគ្រាប់ធំគឺប្រមាណ ១០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ខណៈប្រភេទគ្រាប់តូចមានតម្លៃប្រហែល ៨ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ លោកបានអះអាងថា ប្រភេទធំ W180 មានគុណភាព និងរសជាតិល្អជាង ដែលជាហេតុនាំឱ្យមានតម្លៃខ្ពស់ជាង។

បច្ចុប្បន្ន ពូជស្វាយចន្ទីដែលបានចុះបញ្ជីការពារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៤ ប្រភេទ រួមមាន M23, M10, IM4 និង H09។ ក្នុងចំណោមនេះ ពូជ M23 កំពុងទទួលបានការពេញនិយមបំផុតពីសំណាក់កសិករ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្ថែមថា ប្រហែល ៧០ភាគរយ នៃផ្ទៃដីដាំស្វាយចន្ទីនៅកម្ពុជា គឺជាការដាំដុះរបស់កសិករតាមគ្រួសារក្នុងទ្រង់ទ្រាយតូច រីឯប្រមាណ ៣០ភាគរយទៀត ស្ថិតក្នុងគម្រោងដាំដុះលើដីសម្បទានរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ដើម្បីជំរុញការកែច្នៃក្នុងស្រុក និងទាក់ទាញវិនិយោគិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងដំណើរនេះ មន្ត្រីក្រសួងបានជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មនៅទីក្រុងហាំងចូវ ដើម្បីផ្សព្វផ្សាយសក្ដានុពលនៃវិស័យស្វាយចន្ទីកម្ពុជា និងស្វែងរកដៃគូវិនិយោគ។

តាមក្រសួងកសិកម្ម ក្រុមហ៊ុនចិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់ ដើម្បីយកទៅកែច្នៃនៅចិន និងលើកស្ទួយជាម៉ាកស្វាយចន្ទីសរីរាង្គ សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកចិន។ ក្រុមហ៊ុននេះក៏បានបង្ហាញគោលបំណងមកវិនិយោគសាងសង់រោងចក្រកែច្នៃស្វាយចន្ទីនៅខេត្តក្រចេះផងដែរ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១លានតោន ដែលមានតម្លៃសរុបប្រមាណ ១ ៧៥១លានដុល្លារអាមេរិក កើនឡើងជិត ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះបង្ហាញថា ស្វាយចន្ទីកំពុងក្លាយជាដំណាំដ៏សំខាន់មួយសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា