កម្ពុជាដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រតំបន់អភិរក្សជីវមណ្ឌលទន្លេសាប ២០២៦-២០៣០» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រតំបន់អភិរក្សជីវមណ្ឌលទន្លេសាប ២០២៦-២០៣០»

កម្ពុជាដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រតំបន់អភិរក្សជីវមណ្ឌលទន្លេសាប ២០២៦-២០៣០»

ក្រសួងបរិស្ថាន សហការជាមួយអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ បានដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ TSBRឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងពង្រឹងការងារអភិរក្សធនធានធម្មជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់បឹងទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការយូណេស្កូចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
 
ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបូរណភាពអេកូឡូស៊ីនៃតំបន់អភិរក្ស និងធានានិរន្តរភាពរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ។
 
លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានលើកឡើងថា  ផែនការនេះផ្តល់នូវក្របខ័ណ្ឌដ៏ទូលំទូលាយមួយដើម្បីពង្រឹងអភិបាលកិច្ច ស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់ជីវភាពរស់នៅប្រកបដោយចីរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
 
លោក Bonetti បានរំលឹកថា តំបន់អភិរក្សជីវមណ្ឌលទន្លេសាបត្រូវបានកំណត់ជាតំបន់អភិរក្សជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ២០០១។
 
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ផែនការយុទ្ធសាស្ត្រនេះមិនត្រឹមតែជាឯកសាររបស់ក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាចក្ខុវិស័យរួម និងជាការទទួលខុសត្រូវរួមគ្នារបស់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ខ្លួនតាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ការចុះទៅមើលទីតាំង និងការចូលរួមរបស់សហគមន៍ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
 
លោកជំទាវបានជំរុញឱ្យគ្រប់ភាគី រួមទាំងសហគមន៍ ចុះធ្វើសកម្មភាពជាក់ស្តែងរួមគ្នា ដើម្បីឱ្យផែនការនេះចេញជាលទ្ធផលពិតប្រាកដ។
 
តំបន់អភិរក្សជីវមណ្ឌលទន្លេសាប រួមមានបឹងទន្លេសាប និងតំបន់ទំនាបលិចទឹកជុំវិញ គឺជាប្រព័ន្ធអេកូឡូស៊ីបឹងទឹកសាបធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ តំបន់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដោយផ្តល់ផលនេសាទទឹកសាបរហូតដល់៦០ភាគរយ នៃផលិតកម្មសរុបទូទាំងប្រទេស។ ប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសនេះគ្របដណ្តប់ដោយព្រៃលិចទឹកដែលមានកម្ពស់ដើមឈើចាប់ពី ៧ ដល់ ១៥ម៉ែត្រ ព្រមទាំងរុក្ខជាតិស្មៅដុះលើដី និងអណ្តែតលើទឹកជាច្រើនប្រភេទ៕

Advertisement

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា