អ្នករាយការណ៍សិទ្ធិមនុស្ស UN «រំជួលចិត្ត» ចំពោះស្ថានភាពជនភៀសសឹកកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍សិទ្ធិមនុស្ស UN «រំជួលចិត្ត» ចំពោះស្ថានភាពជនភៀសសឹកកម្ពុជា

អ្នករាយការណ៍សិទ្ធិមនុស្ស UN «រំជួលចិត្ត» ចំពោះស្ថានភាពជនភៀសសឹកកម្ពុជា

លោក ថម អែនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ សហការគ្នាធានាឱ្យប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃបិទបញ្ចប់បេសកកម្មនៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ថម អែនឌ្រូស បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងប្រមូលព័ត៌មានផ្ទាល់ ដើម្បីរៀបចំរបាយការណ៍ផ្អែកលើអង្គហេតុជាក់ស្តែង សម្រាប់ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់។
 
លោកបានលើកឡើងថា ការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានសំខាន់សម្រាប់ដោះស្រាយទាំងបញ្ហាសិទ្ធិមនុស្ស និងជម្លោះព្រំដែន។ ក្នុងអំឡុងបេសកកម្មនេះ លោកបានធ្វើដំណើរទៅកាន់តំបន់ព្រំដែន និងទស្សនាជំរំបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ។
 
អ្នករាយការណ៍ពិសេសបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោករំជួលចិត្តបំផុតនោះ គឺការជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ។ ស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រថៃឈូសឆាយបំផ្លាញរាបដល់ដី។
ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ បានភៀសខ្លួនពីជម្លោះនៅតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ ក្នុងនោះមានជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ ប្រជាពលរដ្ឋមួយចំនួនបានប្រាប់លោកថា ពួកគេមិនអាចត្រឡប់ទៅភូមិកំណើតបាន ដោយសារតំបន់ដែលធ្លាប់រស់នៅនៅតែមានកងទ័ពថៃ និងមានរបាំងរារាំងការចូលទៅកាន់លំនៅឋាន។
 
លោកបានរំលឹកថា តាមច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបររបស់ខ្លួនដោយសុវត្ថិភាព។ ដូច្នេះ លោកបានអំពាវនាវឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹក។
 
លោក ថម អែនឌ្រូស បានបង្ហាញឆន្ទៈសហការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលកើតចេញពីជម្លោះ ហើយបានសង្កត់ធ្ងន់ថា ការស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស ដោយសន្តិវិធី គឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ និងរស់នៅក្នុងបរិយាកាសស្ថិរភាព សុវត្ថិភាព និងស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឡើងវិញ៕

Advertisement

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា