អាមេរិក ចាយជាង ៥៨ ពាន់លានដុល្លារ បំពេញឃ្លាំងស្តុកមីស៊ីល សំណាញ់មេឃ Patriot | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយជាង ៥៨ ពាន់លានដុល្លារ បំពេញឃ្លាំងស្តុកមីស៊ីល សំណាញ់មេឃ Patriot

អាមេរិក ចាយជាង ៥៨ ពាន់លានដុល្លារ បំពេញឃ្លាំងស្តុកមីស៊ីល សំណាញ់មេឃ Patriot

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក បានប្រកាសកាលពីថ្ងៃ ពុធ ថា កងទ័ពអាមេរិកបានផ្ដល់កុងត្រាមានតម្លៃ ៥៨,៦ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនម៉ៅការការពារជាតិ Lockheed Martin ដើម្បីផលិតគ្រាប់មីស៊ីលស្ទាប់ចាប់ សម្រាប់សំណាញ់មេឃ Patriot ខណៈសង្រ្គាមអ៊ីរ៉ង់ និងអ៊ុយក្រែនបានបង្កើនសម្ពាធដល់ឃ្លាំងស្ដុកអាវុធសហរដ្ឋអាមេរិក ។

Advertisement

យោងតាមប្រភពពីលោកខាងលិច, កងទ័ពអាមេរិកបានបាញ់អស់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot ដល់ទៅជាង ៨០០ គ្រាប់ ក្នុងពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ អំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ង់ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ Patriot មានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

បើតាម Straits times, មូលហេតុដែលមន្ទីរបញ្ចកោណដកលុយពីហោប៉ៅដល់ទៅរាប់ពាន់លានដុល្លារ ដើម្បីបញ្ជាទិញមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ពីព្រោះសហរដ្ឋអាមេរិកបានផ្គត់ផ្គង់អាវុធក្នុងចំនួនដ៏ច្រើនទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ។

ជាពិសេស សហរដ្ឋអាមេរិកខ្លួនឯងក៏បានប្រើប្រាស់អាវុធយ៉ាងច្រើន នៅក្នុងប្រតិបត្តិការយោធាប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ដែលបញ្ហានេះបានបង្កើនឱ្យមានការព្រួយបារម្ភអំពីថយចុះឃ្លាំងស្ដុកមីស៊ីល សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស និងអាវុធទំនើបៗបំពាក់ប្រព័ន្ធ GPS ។

ក្រៅពីទិញគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស, កិច្ចព្រមព្រៀងអាវុធស្រដៀងគ្នានេះ ក៏ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុន ⁠Raytheon ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RTX ផងដែរ ដើម្បីជំរុញការផលិតមីស៊ីលនាំផ្លូវ Tomahawk ដោយបង្កើនការផលិតមីស៊ីលដ៏ទំនើបនេះ ដែលបច្ចុប្បន្នអាចផលិត ៦០គ្រាប់ក្នុងមួយឆ្នាំ ឱ្យដល់ ១,០០០គ្រាប់ក្នុងមួយឆ្នាំនាពេលអនាគត ៕

ប្រភព ៖ Straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា