កម្ពុជាជំរុញការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជំរុញការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល

កម្ពុជាជំរុញការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

Advertisement

លោកជំទាវ ចម និម្មល បញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា ដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។

គោលបំណងសំខាន់ៗនៃយុទ្ធនាការនេះមានចំនួន ៣ ក្នុងនោះមានផ្សព្វផ្សាយប្រកាសថ្មី (ប្រកាសលេខ ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ កក្កដា ២០២៦) ដើម្បីឱ្យសាធារណជន ម្ចាស់អាជីវកម្ម និងសហគ្រាសបានយល់ដឹងពីការកែសម្រួលនីតិវិធីថ្មីៗ ដែលផ្តល់ភាពងាយស្រួលជាងមុន ដូចជាការបង្រួមពេលវេលាចុះបញ្ជីមកត្រឹម ៦០ថ្ងៃ, ការពង្រីកសុពលភាពវិញ្ញាបនបត្រដល់ ២ឆ្នាំ និងការអនុញ្ញាតឱ្យរូបវន្តបុគ្គលអាចស្នើសុំចុះបញ្ជីបាន។

យុទ្ធនាការនេះក៏នឹងជួយបង្កើនការបញ្ជ្រាបការយល់ដឹង ដើម្បីផ្សព្វផ្សាយដល់សង្គម និងធុរជនឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការប្រើប្រាស់ស្លាកសញ្ញា «ហាឡាលកម្ពុជា» ក្នុងការជួយពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ចំណែកគោលបំណងចុងក្រោយ គឺផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ។

យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់។

សូមបញ្ជាក់ថា ស្លាកសញ្ញាហាឡាល (Halal Logo) គឺជាសញ្ញាសម្គាល់ផ្លូវការដែលបិទ ឬបោះពុម្ពលើផលិតផលម្ហូបអាហារ ភេសជ្ជៈ វត្ថុធាតុដើម ឬសេវាកម្មផ្សេងៗ ដែលបញ្ជាក់ថាផលិតផលទាំងនោះ «អនុញ្ញាត ឬត្រឹមត្រូវស្របតាមច្បាប់ និងគោលការណ៍នៃសាសនាឥស្លាម» ហើយជនជាតិមូស្លីមអាចបរិភោគ ឬប្រើប្រាស់បានដោយសុវត្ថិភាពនិងភាពស្ងប់ចិត្ត៕

អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា