លើសពីទីសក្ការបូជា ប្រាសាទបន្ទាយក្ដី គឺជាបេះដូងនៃការអប់រំនាសម័យអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើសពីទីសក្ការបូជា ប្រាសាទបន្ទាយក្ដី គឺជាបេះដូងនៃការអប់រំនាសម័យអង្គរ

លើសពីទីសក្ការបូជា ប្រាសាទបន្ទាយក្ដី គឺជាបេះដូងនៃការអប់រំនាសម័យអង្គរ

លើសពីទីសក្ការបូជា «ប្រាសាទបន្ទាយក្ដី» គឺជាមណ្ឌលសិក្សាអប់រំ សារមន្ទីរជីវិត និងជាផ្នែកមួយនៃប្រព័ន្ធនគរូបនីយកម្មដ៏មានសណ្តាប់ធ្នាប់ ក្នុងសម័យកាលដ៏រុងរឿងនៃចក្រភពអង្គរ។

នៅពេលពោលដល់ប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ មហាជនភាគច្រើនតែងនឹកឃើញដល់ទីសក្ការបូជាខាងសាសនា។ ប៉ុន្តែសម្រាប់ប្រាសាទបន្ទាយក្ដី បូជនីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានតួនាទីយ៉ាងសំខាន់លើសពីកន្លែងធ្វើពិធីសាសនា ដោយវាគឺជាមណ្ឌលអប់រំ សារមន្ទីរជីវិត និងជាផ្នែកមួយនៃប្រព័ន្ធនគរូបនីយកម្ម យ៉ាងមានសណ្តាប់ធ្នាប់ ក្នុងសម័យកាលដ៏រុងរឿងនៃចក្រភពអង្គរ។ នេះបើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា។

ប្រាសាទបន្ទាយក្ដី មានទីតាំងស្ថិតនៅខាងត្បូងប្រាសាទតាព្រហ្ម និងចំពីមុខស្រះស្រង់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន។

តាមទស្សនៈប្រវត្តិសាស្ត្រ និងភាសាសាស្ត្រ ពាក្យ «បន្ទាយក្ដី» ប្រហែលជាមានន័យថា មណ្ឌលនៃកុដិ ឬ ទីប្រជុំនៃមណ្ឌលសិក្សា។ ទីនេះមិនត្រឹមតែជាអារាមសម្រាប់ព្រះសង្ឃគង់នៅប្រតិបត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមណ្ឌលអប់រំ បណ្តុះបណ្តាលសមណសិស្ស និងសិស្សឱ្យរៀនសូត្រវិជ្ជាផ្សេងៗ ទាំងផ្នែកសាសនា ទស្សនវិជ្ជា និងចំណេះដឹងទូទៅនាស្របាលនោះផងដែរ។

ស្ថិតក្នុងរចនាបថបាយ័ន ប្រាសាទបន្ទាយក្ដីកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានទម្រង់ស្រដៀងនឹងប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នដែរ ប៉ុន្តែមានទំហំល្មមសមរម្យ និងមានប្លង់រៀបចំបង្ហាញទីធ្លាទូលាយយ៉ាងមានសណ្តាប់ធ្នាប់។

ខ្លោងទ្វារចូលទាំងបួនទិស លម្អដោយចម្លាក់ព្រហ្មមុខបួនញញឹមប៉ប្រិម ប្រកបដោយមេត្តាធម៌ និងការគ្រប់គ្រងដែនដី រំលេចស្ថាបត្យកម្មដូចគ្នានឹងទ្វារក្រុងអង្គរធំ។

Advertisement

ចំណុចលេចធ្លោមួយគឺ រោងរបាំ ឬ សាលរបាំ ដែលមានសសរនិងហោជាងលម្អដោយចម្លាក់ទេពអប្សររាំយ៉ាងស្រស់សោភា។ តាមការស្រាវជ្រាវ ចម្លាក់ទាំងនេះជា យោគិនី ឬទេពនៃអ្នកប្រព្រឹត្តធម៌ ដែលកំពុងរាំថ្វាយពរ និងសម្តែងការសរសើរនៅឋានសួគ៌ ជូនចំពោះព្រះពោធិសត្វ ដើម្បីបង្កើតនូវបរិយាកាសពិសិដ្ឋ និងសិរីមង្គល។

ខុសពីភាពកកកុញនៅប្រាសាទអង្គរវត្ត ឬប្រាសាទបាយ័ន ប្រាសាទបន្ទាយក្ដីផ្តល់ជូននូវបរិយាកាសស្ងប់ស្ងាត់ និងមនោរម្យ អំណោយផលបំផុតសម្រាប់ការដើរទស្សនាលម្អិត ស្វែងយល់ពីប្រវត្តិសាស្ត្រ និងការផ្ដិតយករូបភាពអនុស្សាវរីយ៍។

ការលូតលាស់នៃដើមឈើធំៗ លាយឡំជាមួយសំណង់ថ្មបាក់បែក បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ ពោរពេញដោយភាពអាថ៌កំបាំង និងភាពបុរាណ។ ពេលវេលាល្អបំផុតចំពោះអ្នកទស្សនា គឺនៅពេលព្រឹកព្រលឹម និងពេលរសៀល នាពេលដែលពន្លឺព្រះអាទិត្យចាំងឆ្លងកាត់មែកឈើ បង្កើតបានជារស្មី និងស្រមោលយ៉ាងប្រណីតលើជញ្ជាំងថ្ម។

ជារួម ប្រាសាទបន្ទាយក្ដីមិនមែនត្រឹមតែជាបូជនីយដ្ឋានសាសនា ឬជាកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពរស់រវើកនៃប្រព័ន្ធអប់រំ នគរូបនីយកម្ម និងភាពរុងរឿងនៃសិល្បៈអារ្យធម៌ខ្មែរនាសម័យអង្គរ ដែលប្រជាពលរដ្ឋខ្មែរ និងអ្នកស្រាវជ្រាវគ្រប់រូបគួរស្វែងយល់ និងទទួលយកមោទនភាពពីអតីតកាល៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា