គ.ជ.ប ប្រកាសកាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ.ជ.ប ប្រកាសកាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គ.ជ.ប ប្រកាសកាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ គោលបំណងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឱ្យមានភាពត្រឹមត្រូវ តម្លាភាព និង​ធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។

គ.ជ.ប. បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរពីកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់​ឆ្នាំ២០២៦ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិ​មួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
 
យោងតាមសេចក្តីជូនដំណឹងរបស់ គ ជ ប បានអធិប្បាយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ធ្វើឡើងក្នុងគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។ ក្នុងនោះ គ.ជ.ប នឹងធ្វើការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិ​បោះឆ្នោតជា​បណ្តោះអាសន្ន ឬអ្នកដែលបានផ្លាស់លំនៅឋានចេញទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់​លាស់។
 
គ.ជ.ប.បន្ថែមថា ដំណើរការនេះក៏បើកឱកាសឱ្យមានការចុះឈ្មោះបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំ​ឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ ដែលត្រូវជាអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ហើយ​មិនទាន់បាន​ចុះឈ្មោះបោះឆ្នោតពីមុនមក។ បន្ថែមពីនេះ ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋានចូលក្នុងឃុំ សង្កាត់ថ្មី ក៏ត្រូវទៅចុះឈ្មោះ​បោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅជាក់ស្តែងផងដែរ។
 
ជាមួយគ្នានេះ គ.ជ.ប ក៏នឹងទទួលធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារ​សំអាងត្រឹម​ត្រូវ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងផ្តិតមេដៃ ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតនាពេលកន្លងមក។
 
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់​សូមរៀបចំត្រៀមឯកសារពាក់ព័ន្ធឱ្យបាន​គ្រប់​គ្រាន់ ដើម្បីអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់៕

Advertisement


ដោយ៖ទួន សុផល

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា