គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា សម្លាប់មនុស្សជិត១៥០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា សម្លាប់មនុស្សជិត១៥០នាក់

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា សម្លាប់មនុស្សជិត១៥០នាក់

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែបន្តជាសោកនាដកម្មផ្លូវគោកគួរឱ្យព្រួយបារម្ភ ដោយគ្រាន់តែក្នុងខែកក្កដា ឆ្នាំ២០២៦ នេះ មនុស្សជិត ១៥០នាក់បានបាត់បង់ជីវិត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣ សីហានេះ។

របាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ពេញមួយខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ២០៨ករណី ដោយបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតរហូតដល់ ១៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។

មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើនបែបនេះ ភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង និងការបត់មិនប្រុងប្រយ័ត្ន។ បន្ថែមពីនេះ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនគោរពសញ្ញាចរាចរណ៍ ព្រមទាំងកត្តាយានយន្ត ក៏ជាមូលហេតុសំខាន់ៗដែលបណ្តាលឱ្យមានគ្រោះថ្នាក់ផងដែរ។

ជាមួយគ្នានេះ ទិន្នន័យក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ ចំនួនករណីគ្រោះថ្នាក់បានកើនឡើង ២១៣លើក ស្មើនឹង ២០ភាគរយ ចំនួនអ្នកស្លាប់កើនឡើង ៧៩នាក់ ស្មើនឹង ១១ភាគរយ ហើយចំនួនអ្នករងរបួសបានកើនឡើងរហូតដល់ ៤៦៨នាក់ ត្រូវនឹង ៣២ភាគរយ។

ចំពោះមុខសភាពការណ៍នេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់លិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

នៅក្នុងលិខិតស្នើសុំនោះ ឯកឧត្តមឧបនាយករកដ្ឋមន្រ្តី បានរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្រ្តី ពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើននៃគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីកិច្ចប្រតិបត្តិការអនុវត្តច្បាប់នៅទូទាំងប្រទេស ត្រូវបានផ្អាកមួយរយៈពេលធំនាពេលកន្លងមក ដើម្បីចូលរួមសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា