ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

ភ្នំពេញ៖ ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនជនភៀសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (បាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

Advertisement

ឯកអគ្គរដ្ឋទូតចិនបានសរសេរនៅលើបណ្តាញសង្គមថា ៖ “ថ្ងៃនេះ ខ្ញុំនិងសហការីមកដល់មណ្ឌលសុវត្ថិភាពជនភៀសសឹកខេត្តព្រះវិហារជាលើកទី២ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។ យើងតែងតែនៅជាមួយជនភៀសសឹក ហើយនឹងបន្តផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ”។

ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនបានអះអាងថា ៖ “ភាគីចិនតែងតែឈរនៅជាមួយប្រជាពលរដ្ឋភៀសសឹក ភាគីចិននឹងបន្តការគាំទ្រដែលអាចធ្វើទៅបានដើម្បីកែលំអរស្ថានភាពស្នាក់នៅរបស់ជនភៀសសឹកនៅខេត្តព្រះវិហារ។ ដរាបណាជនភៀសសឹកនៅខេត្តព្រះវិហារមិនទាន់ត្រគប់ទៅផ្ទះខ្លួនជំនួយរបស់ចិនមិនឈប់ទេ។ ភាពលំបាកគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះទេ ជនជាតិខ្មែរគឺជាជនជាតិដ៏អស្ចារ្យហើយមានការប្តេជ្ញាចិត្តនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជំនះគ្រប់ភាពលំបាកនិងបញ្ហាប្រឈមមុខនានា។ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងរក្សានិន្នាការសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រកបដោយសន្តិភាព”។

គួរបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ នៅមានពលរដ្ឋចំនួន ២០.២៨១នាក់ទៀត (ស្រ្តី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ដោយសារអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃ ខេត្តឧត្តរមានជ័យ មានសាលារៀន៦កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៤កន្លែងបន្តបិទទ្វារ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១កន្លែងបន្តបិទទ្វារ និងនៅខេត្តព្រះវិហារ មានសាលារៀន៤ កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែងទៀតបន្តបិទទ្វារ។

ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ អំពើឈ្លានពានរបស់ភាគីថៃបានបណ្តាលឱ្យខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជនដែលក្នុងនោះ ទ្រព្យសម្បត្តិឯកជន ជាបឋម រួមមាន ផ្ទះ១.៥៥៨ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣៩ អាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិ សាធារណៈ ខូចខាតជាបឋម រួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៧៤ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា