ថៃពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់

ថៃពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅចន្ទទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ភាគីថៃបានពន្យារពេលដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់ ដោយមិនទាន់ដឹងអំពីមូលហេតុ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ថៃគ្រោងនឹងដោះលែង អ្នកនេសាទទាំង៣នាក់ នៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ ក្រោយពីពួកគេទទួលបានការលើលែងទោស ។ ប៉ុន្តែគិតត្រឹមថ្ងៃចន្ទ ទី៣ ខែសីហានេះ ខាងភាគីថៃមិនទាន់ដោះលែងពួកគេនៅឡើយទេ។

ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលចុះសួរសុខទុក្ខពលរដ្ឋខ្មែរទាំង៣នាក់ បានទំនាក់ទំនងសួរនាំទៅមន្ត្រីពន្ធនាគារថៃអំពីបញ្ហាការដោះលែងនេះ ប៉ុន្តែមន្រ្តីពន្ធនាគារថៃពន្យល់ថា រង់ចាំដីការដោះលែងពីតុលាការសិន ទើបពួកគេហ៊ានដោះលែង។

តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទចំនួន ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។

ពលរដ្ឋខ្មែរទាំងនេះ ត្រូវចោទប្រកាន់ពីបទ «ចូលដែនទឹកថៃ និងនេសាទខុសច្បាប់»។

សូមបញ្ជាក់ថា កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការបរទេសក៏បានចេញលិខិតតវ៉ាមួយ ដោយបញ្ជាក់ថា កងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជា ដើម្បីចាប់អ្នកនេសាទទាំងនោះ។ កម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបានទាមទារឲ្យ កងទ័ពជើងទឹកថៃដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញ នៅពេលនោះផងដែរ៕

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា