ADB ផ្តល់ឥណទានចំនួន ២៥០លានដុល្លារដល់កម្ពុជាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ផ្តល់ឥណទានចំនួន ២៥០លានដុល្លារដល់កម្ពុជាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ADB ផ្តល់ឥណទានចំនួន ២៥០លានដុល្លារដល់កម្ពុជាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ឥណទានសម្បទានចំនួន ២៥០លានដុល្លារដល់កម្ពុជាសម្រាប់ «កម្មវិធី អន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣១ ខែកក្កដា និងផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦នេះ។

Advertisement

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌី គឺ នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច មានគោលបំណងគាំទ្រដល់ ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ » ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។

«កម្មវិធី RISE» ផ្តោតលើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាព កសិកម្មជូនគ្រួសារងាយរងគ្រោះ និង ទី៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

បើតាមក្រសួងសេដ្ឋកិច្ច កម្ពុជាជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ «កម្មវិធី RISE» នេះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៦ និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានក្នុងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទាន ដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពី ចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

រដ្ឋាភិបាលកម្ពុជាបានត្រៀមបញ្ចេញកញ្ចប់អន្តរាគមន៍ ដែលមានទំហំទឹកប្រាក់ប្រមាណ ១ ២៤៤លានដុល្លារអាមរិក ដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងជួបវិបត្តិ ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាបង្ខំឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលពហុវិបត្តិ ជាដើម។

ដោយឡែក កាលពីសប្តាហ៍មុនផងដែរ ប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណ ១,៩៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ការពង្រឹងកិច្ចគាំពារសង្គម។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបញ្ជាក់ថា ការផ្តល់ថវិកាបន្ថែមនេះនឹងជួយជ្រោមជ្រែងដល់គ្រួសារកម្ពុជាកាន់តែច្រើន ឱ្យទទួលបានជំនួយដ៏ចាំបាច់ ព្រមទាំងពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ដែលគ្រប់គ្នាកំពុងពើបប្រទះ ៕

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា