ទស្សនវិភាគ៖ ហេតុអ្វីថៃចង់ប្រើប្រាស់អាវុធជំនួសការតស៊ូមតិដោយផ្អែកលើច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនវិភាគ៖ ហេតុអ្វីថៃចង់ប្រើប្រាស់អាវុធជំនួសការតស៊ូមតិដោយផ្អែកលើច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រ?

ទស្សនវិភាគ៖ ហេតុអ្វីថៃចង់ប្រើប្រាស់អាវុធជំនួសការតស៊ូមតិដោយផ្អែកលើច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រ?

ការជ្រើសរើសផ្លូវបង្កើនកម្ដៅយោធានៅតាមព្រំដែនរបស់ភាគីថៃ មិនត្រឹមតែមិនអាចលុបបំបាត់ភស្តុតាងដែលមានស្រាប់នោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញកាន់តែច្បាស់ថា អំណះអំណាងតាមផ្លូវច្បាប់របស់ថៃកំពុងតែអស់ទម្ងន់។

Advertisement

នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋដែលប្រើប្រាស់កម្លាំងបាយ ជាទូទៅ ត្រូវបានចាត់ទុកថា ជារដ្ឋដែលអស់អំណះអំណាងតាមផ្លូវច្បាប់។ ផ្អែកលើអង្គហេតុ និងទង្វើជាក់ស្តែងនាពេលថ្មីៗនេះ ប្រទេសថៃកំពុងតែដើរលើផ្លូវមួយនេះយ៉ាងច្បាស់មិនអាចប្រកែកកបាន តាមរយៈការផ្តល់អាទិភាពលើកម្លាំងយោធា ជំនួសឱ្យការតស៊ូមតិដោយផ្អែកលើច្បាប់អន្តរជាតិ និងឯកសារភស្តុតាងប្រវត្តិសាស្ត្រ។

ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានលើកឡើងថា ឯកសារប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ មិនមែនជាការតាក់តែងថ្មី ឬមានភាពស្រពិចស្រពិលនោះឡើយ។ វាជាកំណត់ត្រាដែលមានអាយុកាលរាប់សិបទសវត្សរ៍មកហើយ ហើយសុទ្ធតែចង្អុលបង្ហាញទៅរកទិសដៅតែមួយយ៉ាងច្បាស់លាស់។

ថៃ ដែលមានឯកសារទាំងនេះនៅក្នុងដៃ មិនបានយកវាមកជជែកដេញដោលដោយតម្លាភាពនោះទេ។ ផ្ទុយទៅវិញ ភាគីថៃបានជ្រើសរើសរូបមន្តបដិសេធភស្តុតាង ហើយបង្កើនកម្ដៅយោធា។ អ្នកវិភាគមើលឃើញថា បើថៃពិតជាមានជំនឿចិត្តលើភាពត្រឹមត្រូវរបស់ខ្លួនមែន គឺមិនចាំបាច់ខ្លាចច្បាប់ ហើយងាកទៅប្រើប្រាស់អាវុធមកគ្របដណ្តប់លើការពិតនោះឡើយ។

ការជ្រើសរើសការធ្វើសឹកនៅតំបន់ព្រំដែន ជំនួសឱ្យការដោះស្រាយតាមយន្តការអន្តរជាតិ ដូចជា តុលាការអន្តរជាតិ ឬអ្នកសម្របសម្រួលឯករាជ្យ បានចោទជាសំណួរថាតើ មូលហេតុអ្វីបានជាថៃខ្លាចមិនចង់ឲ្យភាគីទី៣ចូលមកពាក់ព័ន្ធ? ហើយក្រោយពេលទាហានខ្លួនបានដណ្តើមកាន់កាប់ដីខ្មែរនៅតំបន់ព្រំដែនមួយចំនួន ពេលនេះសូម្បីតែការចរចារទ្វេភាគី ក៏ថៃធ្វើព្រងើយកន្តើយដែរ។

ឥរិយាបថគេចវេះមិនដោះចូលខ្លួនមកដោះស្រាយបញ្ហា រួមផ្សំគ្នានឹងការពឹងផ្អែកលើការគំរាមកំហែងប្រើកម្លាំងយោធា គឺជាកត្តាដ៏សំខាន់ដែលអាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវតែយកមកថ្លឹងថ្លែង។ រដ្ឋមួយដែលបដិសេធច្បាប់ ហើយប្រើប្រាស់កម្លាំងបាយ មិនអាចទាមទារឱ្យគេជឿជាក់លើចេតនាល្អរបស់ខ្លួនបានឡើយ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ មើលឃើញថា ការប្រើប្រាស់កម្លាំងយោធា គឺជាសញ្ញាណនៃភាពទ័លច្រកខាងផ្លូវច្បាប់របស់ថៃ។ នៅក្នុងទស្សនវិទ្យាច្បាប់អន្តរជាតិ រដ្ឋណាដែលមានភស្តុតាងច្បាប់រឹងមាំ រដ្ឋនោះនឹងស្វែងរកតុលាការ ឬតុចរចា ចំណែករដ្ឋណាដែលខ្វះអំណះអំណាងច្បាប់ រដ្ឋនោះនឹងស្វែងរកការប្រើប្រាស់កម្លាំងបាយ។

ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែលជាអ្នកជំនាញសង្គមកិច្ច និងវប្បធម៌ បានពន្យល់ថា ដំណោះស្រាយសម្រាប់វិបត្តិនេះគឺសាមញ្ញបំផុត ដោយគ្រាន់តែដាក់បង្ហាញឯកសារជាសាធារណៈ ទទួលយកការកាត់ក្តីពីស្ថាប័នឯករាជ្យ និងទុកឱ្យកំណត់ត្រាប្រវត្តិសាស្ត្រជាអ្នកសម្រេចលទ្ធផល។ ដរាបណាប្រទេសថៃនៅតែបន្តបដិសេធយន្តការអព្យាក្រឹត ហើយពឹងលើកងទ័ពនៅព្រំដែន អ្នកសង្កេតការណ៍ និងសហគមន៍អន្តរជាតិ មានសិទ្ធិពេញលេញក្នុងការសន្និដ្ឋានថា អំណះអំណាងតាមផ្លូវច្បាប់របស់ថៃ គឺមិនមានទម្ងន់គ្រប់គ្រាន់ឡើយ។

លោកបណ្ឌិត ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ប្រទេសថៃនឹងធ្វើគ្រប់បែបយ៉ាងដើម្បីរារាំងសហគមន៍អន្តរជាតិ មិនឱ្យដឹងអំពីកំហុសឆ្គងរបស់ខ្លួននៅក្នុងជម្លោះនេះ ទាំងទិដ្ឋភាពនៃការចាប់ផ្តើម និងការបន្តបង្កជម្លោះ។

ប្រទេសថៃអាចបន្តប្រឆាំងនឹងភស្តុតាងដ៏ច្រើនលើសលប់ រឿងកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់តាមផ្លូវយោធា និងផលប៉ះពាល់នៃការធ្វើសកម្មភាពយោធារបស់ខ្លួនទៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនៅថៃ និងកម្ពុជា៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា