ជនបរទេសជិត៨០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងសកម្មបោសសម្អាត​បទ​ល្មើសបច្ចេកវិទ្យានិងស្នាក់នៅខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនបរទេសជិត៨០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងសកម្មបោសសម្អាត​បទ​ល្មើសបច្ចេកវិទ្យានិងស្នាក់នៅខុសច្បាប់

ជនបរទេសជិត៨០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងសកម្មបោសសម្អាត​បទ​ល្មើសបច្ចេកវិទ្យានិងស្នាក់នៅខុសច្បាប់

ក្នុងរយៈពេល១០ថ្ងៃនៃខែ កក្កដា កន្លងទៅនេះ អាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជាបានសម្រេចបណ្ដេញជនបរទេសចំនួន ៧៧៧នាក់ ឱ្យត្រឡប់ទៅកាន់ប្រទេសដើមវិញ បន្ទាប់ពីរកឃើញថា ពួកគេពាក់ព័ន្ធ​នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុស​ច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការ​លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការ​ស្នាក់នៅ​ខុសច្បាប់ ដោយក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកក្កដា កន្លងទៅ​អាជ្ញាធរមានសមត្ថកិច្ច​បានសម្រេចបណ្ដេញ​ជនបរទេសសរុបចំនួន ៧៧៧នាក់ ក្នុងនោះមានស្ត្រី ១២០នាក់ ត្រឡប់ទៅកាន់ប្រទេសដើមវិញ។

យោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេស​ដែលត្រូវបណ្ដេញចេញទាំងនោះមាន ១៩សញ្ជាតិ រួមមាន ចិន ចិនតៃវ៉ាន់ កូរ៉េ ជប៉ុន ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ាទ្បេស៊ី និងអូស្រ្តាលី ជាដើម។ ក្នុងចំណោមនោះ មានជនជាតិចិន​ចំនួន ១៥៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញតាម​យន្តហោះ​ពិសេស តាម​ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកជនបរទេសផ្សេងទៀត ប្រព្រឹត្តបទល្មើសលួច​ឆ្លងដែន បន្លំឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ចាប់ជំរិត ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើ​ការងារខុសច្បាប់។

Advertisement



លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ច​បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុបជិត ៣ម៉ឺនទីតាំង ដោយបានពិនិត្យលើមនុស្សជាង ១៦ម៉ឺននាក់ នៅទូទាំងរាជធានីនិងខេត្ត។ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅ​ប្រមូលផ្ដុំ សមត្ថកិច្ចចម្រុះក៏បាន​ដាក់ពង្រាយកម្លាំង​ត្រួតពិនិត្យតាម​ដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តដែលសង្ស័យថា​អាចជម្លៀសជនបរទេសចល័ត​ពីទីតាំង​មួយទៅទីតាំងមួយទៀត បានចំនួនជាង ២ម៉ឺនលើក ស្មើនឹងមនុស្សជាង ៤ម៉ឺន ៤ពាន់នាក់។

ជាលទ្ធផលនៃប្រតិបត្តិការលើដងផ្លូវ សមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យ និងអ្នកគ្មានឯកសារស្នាមតាមខ្លួន​សរុប ២,៣៤០នាក់ មាន ២០សញ្ជាតិ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ដើម្បីបំពេញនីតិវិធីបណ្តេញចេញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចផាកពិន័យលើម្ចាស់ និងអ្នកគ្រប់គ្រងទីតាំង​ដែលអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ០៣ ជាទឹកប្រាក់សរុបជាង ៧,៧ប៊ីលានរៀលផងដែរ៕

ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា