របរចិញ្ចឹមមាន់ស្រែតាមផ្ទះ បង្កើនចំណូលគ្រួសារ និងបង្កើតការងារនៅមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របរចិញ្ចឹមមាន់ស្រែតាមផ្ទះ បង្កើនចំណូលគ្រួសារ និងបង្កើតការងារនៅមូលដ្ឋាន

របរចិញ្ចឹមមាន់ស្រែតាមផ្ទះ បង្កើនចំណូលគ្រួសារ និងបង្កើតការងារនៅមូលដ្ឋាន

ការចិញ្ចឹមមាន់ស្រែ ឬនិយាយសាមញ្ញការចិញ្ចឹមមាន់តាមផ្ទះ ជាលក្ខណៈគ្រួសារឬ ខ្នាតមធ្យម គឺជាប្រភពចំណូលដ៏សំខាន់​មួយប្រសិនជាការចិញ្ចឹមនោះអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេស។លើសពីការធ្វើពាណិជ្ជកម្ម មុខរបរនេះក៏ជាការធានាស្បៀង​សម្រាប់ គ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្នាន ពិសេសបង្កើត ការងារនៅ នឹងកន្លែងផងដែរ។

Advertisement

សម្រាប់កសិករដែលធ្វើស្រែចម្ការ ការចិញ្ចឹមមាន់ស្រែ ទោះជា ខ្នាតតូច ឬមធ្យមក្តី ក៏មុខរបរបន្ថែមរបស់កសិករ ។ប៉ុន្តែមុខរបរ នេះអាចរឹងមាំទៅបានអាស្រ័យត្រូវមានចំណេះជំនាញ ដែលអ្នកចិញ្ចឹម ចាំបាច់ត្រូវរៀនសូត្រពីអ្នកបច្ចេកទេស​ផង​ដែរ​ដើម្បីធានា​ថា ការចិញ្ចឹម ទទួលបានជោគជ័យ។

លោក សឹម សៅ កសិកររស់នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានចិញ្ចឹមមាន់ស្រែមានរយៈពេល៦- ៧ឆ្នាំមកហើយ។លោកអាចរកចំណូលបានប្រមាណពី ៣០ ទៅជាង ៤០ម៉ឺនរៀលក្នុង១ខែ។

លោក សឹម សៅ និយាយថា មុខរបរនេះតូចតាចទេ ដែលមនុស្សភាគ ច្រើនមើលរំលង ពីព្រោះគិតថា ការចិញ្ចឹមសម្រាប់ធ្វើ​ពាណិជ្ជកម្ម លំបាក​ ពិសេសមាន់ប្រឈមនឹងជំងឺច្រើន។

ប៉ុន្តែសម្រាប់លោក សឹម សៅ បានចែករំលែកបទពិសោធន៍ថា បើយើងចេះបច្ចេកទេសក្នុងការចិញ្ចឹមគឺអាចចៀសផុតពីការបារម្ភ។ការចិញ្ចឹមត្រូវ​ចាក់វាក់សាំងការពារ ​,ចេះរបៀបចិញ្ចឹម ,ចេះរបៀប ព្យាបាលពេលវាឈឺ​។ពិសេសចេះផ្តល់ចំណីដែលចំណាយតិច​នោះ នឹង​ទទួលបានផលត្រឡប់​មកវិញច្រើន។លោកថា ចិញ្ចឹមមាន់ផង ដាំបន្លែ ផង បើបន្លែនៅសល់យកទៅ​ឱ្យមាន់ស៊ីក៏ជួយ​ក្នុងការកាត់បន្ថយ ថ្លៃដើម​ទិញចំណីដែរ។

បច្ចុប្បន្ន លោក ស៊ឹម សៅ ចិញ្ចឹមមាន់ជាង១០០ក្បាល​ និងដាំបន្លែ​បន្ថែម។គួបផ្សំការធ្វើស្រែ ទាំងនេះ ជាប្រភពចំណូលជាលុយកាក់ និងម្ហូបអាហារ។ចំណូលបាន​ជួយដល់ការចំណាយលើការសិក្សា​របស់កូនៗ។

រស់នៅភូមិជាភូមិឃុំជាមួយគ្នា អ្នកស្រី សូត្រ ផល បានចាប់​របរបន្ថែមដូចលោក សឹម សៅ ដែរ។អ្នកស្រី​ចិញ្ចឹមមាន់​ស្រែចំនួន​ជិត៣០០ក្បាលនៅក្រោយផ្ទះ។មាន់ទាំងអស់នេះបានផ្តល់នូវ​ប្រាក់ចំណូលក្នុងមួយខែប្រមាណ ៤០ទៅ៥០ម៉ឺនរៀល​តាមរយៈការ​មកទិញផ្ទាល់ពីឈ្មួញកណ្ដាលនិងអ្នកភូមិក្បែរៗនោះ។

ក្នុងវ័យជាង៦០ឆ្នាំអ្នកស្រី សូត្រ ផល បានរំលឹកពីអតីតកាលថា ដំបូងឡើយអ្នកស្រី មិនហ៊ានចិញ្ចឹមច្រើនដើម្បីលក់ដូរទេព្រោះ​ខ្លាចវាឈឺងាប់​នាំឱ្យខាតបង់លុយកាក់។ ប៉ុន្តែដោយសារមាន​មន្រ្តីជំនាញរបស់អង្គការ និងសហគមន៍ជួយបង្រៀនរបៀបចិញ្ចឹម ពិសេសរបៀបចាក់វាក់សាំងការពារ អ្នកស្រីក៏ចាប់ផ្តើមចិញ្ចឹម​។ ការចិញ្ចឹមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ បានហុចផលជាទី
គាប់ចិត្ត ។

បន្ថែមក្នុងមុខរបរនេះលោក គង់ មឿន ប្រធានសហគមន៍កសិកម្ម​ឧត្តមសូរិយានៃឃុំឧត្តមសូរិយា បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍មាន​សមាជិកចំនួន ២១៦ គ្រួសារ ក្នុងនេះមានសមាជិកប្រមាណ៥៥គ្រួសារ បានអនុវត្តវិធីចិញ្ចឹមមាន់លក់។កសិករ​ទាំងនេះខ្លះ ចិញ្ចឹមមាន់​យកសាច់ និងខ្លះទៀតយកពងមាន់លក់។លោកបានលើកទឹក​ចិត្តដល់អ្នកពុំទាន់ចិញ្ចឹមថា មាន់ងាយស្រួល ផ្តល់ប្រាក់​ចំណូល។អ្នកពុំធ្លាប់​ចិញ្ចឹម​អាចសាកល្បងបានពីព្រោះ​វាមិនទាមទារការ​ចំណាយច្រើនដូច​ការចិញ្ចឹមសត្វដទៃ​ឡើយ។

ដោយឡែក ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ថា ការចិញ្ចឹមមាន់តាមផ្ទះជាខ្នាតតូច និង មធ្យម​អាច​រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បើទោះបីពេលនេះទីផ្សារ​មាន​ស្រែធ្លាក់ចុះមកត្រឹម១៥.០០០​ក្នុងមួយគីឡូ​ក្រាមឬ​តំបន់​ខ្លះលើស​ពីនេះក្តី។
លោកប្រធានសមាគមជំរុញដល់កសិករគួរបង្កើនការរកប្រាក់ចំណូលរបស់ខ្លួន តាមរយៈការចិញ្ចឹមសត្វ ក្នុងនោះមាន ទាំង មាន់ ទា ជ្រូក គោ ក្របី ជាដើម៕

ដោយ៖ម៉ាដេប៉ូ,រូបភាព៖លោក សោមវិជ្ជា និងលោក ផុន ពិសិដ្ឋ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា