កម្ពុជា ត្រៀមចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់តម្លៃផលិផល និងទាក់ទាញភ្ញៀវ​ទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ត្រៀមចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់តម្លៃផលិផល និងទាក់ទាញភ្ញៀវ​ទេសចរ

កម្ពុជា ត្រៀមចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់តម្លៃផលិផល និងទាក់ទាញភ្ញៀវ​ទេសចរ

រដ្ឋបាលខេត្តកែបសហការជាមួយក្រសួងពាណិជ្ជកម្មគ្រោងរៀបចំចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញជាផ្លូវការដើម្បីលើកកម្ពស់តម្លៃទីផ្សារ និងទាក់ទាញភ្ញៀវទេសចរ។

ផលិតផលគ្រឿងសមុទ្រដ៏ល្បីល្បាញរបស់កម្ពុជាគឺ«ក្តាមសេះកែប» កំពុងបោះជំហានបន្ថែមទៀត​ក្នុងការដំឡើងគុណតម្លៃ និងកសាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារ ។អាជ្ញាធរពាក់ព័ន្ធបានរួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ការអនុវត្តគម្រោងកសាងកេរ្តិ៍​ឈ្មោះម៉ាក និងការចុះបញ្ជី ក្តាមសេះកែប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» កាលពីថ្ងៃចន្ទទី៣ ខែសីហា។

សិក្ខាសាលាផ្សព្វផ្សាយនេះដឹកនាំដោយឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប អគ្គនាយកសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អ្នកនេសាទ និងក្រុមអាជីវករផ្ទាល់។

យោងតាមរដ្ឋបាលខេត្តកែប សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងបង្កើតការយល់ដឹងអំពី​សារៈ​សំខាន់នៃកម្មសិទ្ធិបញ្ញា មូលដ្ឋានគ្រឹះនៃការរៀបចំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងការប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំជា «សៀវភៅបន្ទុក» ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការត្រៀមចុះបញ្ជី «ក្តាមសេះកែប» ឱ្យក្លាយជាម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញជាផ្លូវការ។

ឯកឧត្តម កឹម សុខុន បានគូសបញ្ជាក់ថា វិស័យកម្មសិទ្ធិបញ្ញាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងសេដ្ឋកិច្ចជាតិ។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយបង្កើតការងារក្នុងតំបន់ បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម និងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្តង់ដារអនាម័យ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ​នៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

Advertisement

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មដដែលបានបន្ថែមថា បទពិសោធន៍កន្លងមករបស់ក្រសួង បានបង្ហាញយ៉ាងច្បាស់ថា ការបង្កើត​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ច។ ទោះជាយ៉ាងណា​ក៏រដ្ឋលេខាធិការខាងលើបានរំលឹកថា ដើម្បីធានាបាននូវជោគជ័យយូរអង្វែង ចាំបាច់ត្រូវមានការគ្រប់គ្រង និងត្រួតពិនិត្យឱ្យ​បានម៉ត់ចត់បំផុត លើគុណភាព និងស្តង់ដារផលិតផល ឱ្យស្របតាមសៀវភៅបន្ទុក និងលក្ខន្តិកៈដែលបានកំណត់។

ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ អ្នកនេសាទ និងអាជីវករ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា ដើម្បីផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗ ក្នុងការចងក្រងឯកសារពាក់ព័ន្ធឱ្យបានពេញលេញសំដៅជំរុញការចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យទទួលបានជោគជ័យនាពេលខាងមុខ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា