កម្ពុជាអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

កម្ពុជាអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម

កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម និងបានអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរនិងការស្តុកទុកគ្រាប់បែកចង្កោម។ នេះជាការបញ្ជាក់ដោយឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសឯកឧត្តមចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។សកម្មភាពនៅទីនោះក្រោមជំនួយរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេសន៍ (NPA)នៅទីលានផ្ទាល់ ឯកឧត្តមអនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា គ្រាប់បែកចង្កោមជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

Advertisement

ដោយភ្ជាប់ទៅកាន់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម លី ធុជ បានរំលឹកថាកាលពីឆ្នាំ២០២៥ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជាទាំងតំបន់សមរភូមិនិងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរនិងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។

សម្រាប់កម្ពុជាឯកឧត្តម លី ធុជ បានអះអាងថា នៅមានផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤គីឡូម៉ែត្រការ៉េ ដែលត្រូវធ្វើការបោសសម្អាត។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ អង្គការ NPA បានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរីក្នុងទំហំផ្ទៃដីជាង ៤០គីឡូម៉ែត្រការ៉េ ។រកឃើញនិងកម្ទេចចោលគ្រាប់បែកចង្កោមជាង ៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនជាង ៣ម៉ឺននាក់។

លោក Hans Peter Risser នាយកប្រចាំប្រទេសនៃអង្គការ NPA បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្ររបស់អង្គការ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយកម្ពុជារហូតដល់កម្ពុជាអាចសម្រេចគោលដៅប្រទេសមួយដែលគ្មានផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕


ដោយ៖សេង បារាំង,ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា