រដូវបិទនេសាទឆ្នាំនេះ៖ បង្ក្រាបបទល្មើសនេសាទបាន ៤៤៣ករណី,ជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដូវបិទនេសាទឆ្នាំនេះ៖ បង្ក្រាបបទល្មើសនេសាទបាន ៤៤៣ករណី,ជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ

រដូវបិទនេសាទឆ្នាំនេះ៖ បង្ក្រាបបទល្មើសនេសាទបាន ៤៤៣ករណី,ជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ

ក្នុងរដូវបិទការនេសាទចាប់ពីខែមិថុនា ដល់ខែ កក្កដា ឆ្នាំ២០២៦ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទប់ស្កាត់ និងបង្ក្រាបបានបទល្មើសជលផលសរុបចំនួន៤៤៣ករណី និងកសាងសំណុំរឿងចំនួន២៣ករណី,បញ្ជូនជនសង្ស័យចំនួន៦នាក់ទៅតុលាការ។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ផ្ដល់ឱ្យបណ្ដាញព័ត៌មានAMS នៅថ្ងៃអង្គារទី៤ ខែសីហា នេះ។

Advertisement

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមការបង្រ្កាបបទល្មើសជលផលទាំងនេះ ក្នុងនោះសំណុំរឿងរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានចំនួន៤២០ករណីនិងសំណុំរឿងចំនួន២៣ករណី ដែលមានជនសង្ស័យ ០៦នាក់ត្រូវបានបញ្ជូនទៅតុលាការដាក់ពន្ធនាគារ។

ដោយឡែកឧបករណ៍នេសាទដែលបង្រ្កាបបានរួចបំផ្លាញចោលមានដូចជា របាំងស្បៃមុង និងសាច់អួនប្រវែង១៣ម៉ឺន ២ពាន់ ១១១ម៉ែត្រ បង្គោលឬចម្រឹងចំនួន ៧ម៉ឺន ៦ពាន់ ៩៨៤ដើម និងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗទៀត ជាពិសេសឧបករណ៍ឆក់ត្រី ១០៧គ្រឿង ក្នុងនោះឧបករណ៍ឆក់ដែលជនល្មើសប្រព្រឹត្តជាក់ស្ដែងចំនួន៧០គ្រឿង បង្ក្រាបទីតាំងផលិតចែកចាយ ១កន្លែងស្មើនឹង ១២គ្រឿង និងស្ម័គ្រចិត្តប្រគល់ជូនសរុបចំនួន ២៥គ្រឿង។

គួររំលឹកថា ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិនិងលែងកូនត្រីចំនួន ១,៥លានក្បាលនៅទន្លេវ៉ៃគោ នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១ ខែកក្កដាកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាឱ្យកងកម្លាំងរួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ ដោយត្រូវចាប់ខ្លួនមេខ្យល់ ដែលនាំឱ្យមានបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ គឺដើម្បីការពារ និងធ្វើឱ្យផលនេសាទមានការកើនឡើង បម្រើដល់ផលប្រយោជន៍រួមរបស់ប្រជានេសាទ សហគមន៍នេសាទ និងសង្គមជាតិ៕

ដោយ៖សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា