វិស័យឯកជនលើកឡើងសំណូមពរចំនួន១១ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឯកជនលើកឡើងសំណូមពរចំនួន១១ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍

វិស័យឯកជនលើកឡើងសំណូមពរចំនួន១១ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី៤ ខែសីហា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ​របស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ។កិច្ចប្រជុំបានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជនក្នុង
ន័យ​​ពង្រឹងវិស័យទេសចរណ៍ និងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

Advertisement

ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍(ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យ​ឯកជនដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់​វិធាន​ការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ។

អង្គប្រជុំដែលដឹកនាំឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យ​ឯកជន​ដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការ​សម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ដើម្បីកសាង​ម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍​ទៅក្រៅ​ប្រទេស (Branding, marketing and promotion),ការដំឡើងកម្រិតព្រឹត្តិការណ៍​ជាតិធំៗ ទៅកម្រិតអន្តរជាតិ និងការ​ផ្សព្វផ្សាយ​ឱ្យបានទូលទំលាយ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុកឱ្យកាន់តែងាយស្រួលពី​គោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។កិច្ចពិភាក្សាក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យ​បានច្រើន​ពីទីផ្សារគោល​ដៅ​សំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន​អាកាសចរណ៍ និង ផ្នែក​ឯកជន។

អង្គប្រជុំបានស្នើដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ, ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ, ជំរុញ​ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម, ទាក់ទាញ និងនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមករៀបចំ​នៅកម្ពុជា​ឱ្យបានកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស ។

អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងភាគី រដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវលទ្ធផលការងារវិជ្ជមានគួរជាទីកត់សម្គាល់ ដោយវិធានការចំនួន២២ សម្រេចបានពេញលេញទាំងអស់ ដោយវិធានការទើបសម្រេចបានចុងក្រោយ មានចំនួន២វិធានការ៖ (១) ការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ , (២) ការអភិវឌ្ឍខ្សែក្រវាត់បៃតង ដោយក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់​ផលិតកម្មកសិកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជា, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១៥០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីបរិបទវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈម ដោយបានឆ្លុះបញ្ចាំងថា ស្ថានភាពនេះដោយ​សាររងឥទ្ធិពលពីកត្តាប្រឈមជាច្រើន រួមមាន ព័ត៌មាន​អវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរ​អន្តរជាតិ។

ស្ថិតក្នុងបរិបទប្រឈមខាងលើឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការ​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដើម្បីគាំទ្រវិស័យឯកជន។ ជាមួយគ្នានេះភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ក្នុងការ​ប្រែក្លាយបញ្ហា​ប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ ៕

ដោយ៖ជាវ ចន្ធូ
ប្រភពក្រសួងទេសចរណ៍

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា