កូរ៉េខាងជើងថា ជប៉ុនកំពុងប្រែក្លាយខ្លួនឯងទៅជា «រដ្ឋនៃសង្គ្រាម» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងថា ជប៉ុនកំពុងប្រែក្លាយខ្លួនឯងទៅជា «រដ្ឋនៃសង្គ្រាម»

កូរ៉េខាងជើងថា ជប៉ុនកំពុងប្រែក្លាយខ្លួនឯងទៅជា «រដ្ឋនៃសង្គ្រាម»

ព្យុងយ៉ាង ៖ កូរ៉េខាងជើងអះអាង នៅថ្ងៃពុធនេះថា ជប៉ុនប្រែក្លាយខ្លួនទៅជា «រដ្ឋនៃសង្គ្រាម» ខណៈដែលទីក្រុងតូក្យូកំពុងពង្រឹងជំហរយោធារបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

Advertisement

ស្ត្រីដែលមានឥទ្ធិពល និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺ នាង គីម យ៉ូជុង បាននិយាយថា ថ្នាក់ដឹកនាំរបស់ទីក្រុងព្យុងយ៉ាង នឹងរៀបចំជម្រើសផ្នែកយោធាបន្ថែមទៀត ដោយសារតែការផ្លាស់ប្តូររបស់ជប៉ុន។

សេចក្តីថ្លែងការណ៍របស់នាង គីម យ៉ូជុង ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA លើកឡើងបន្ថែមថា «ប្រទេសជប៉ុន ដែលជារដ្ឋឧក្រិដ្ឋជនសង្គ្រាម កំពុងពន្លឿនការផ្លាស់ប្តូរខ្លួនឯងទៅជារដ្ឋនៃសង្គ្រាម»។

ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី ជប៉ុនកំពុងផ្លាស់ប្តូរជាបណ្តើរៗ ចេញពីស្ថានភាពជាប្រទេសដែលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាពនិយម ក្រោយសង្គ្រាមលោកលើកទី ២ ដោយបង្កើនការចំណាយលើវិស័យយោធា ពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលទៅកាន់កោះដាច់ស្រយាលនានារបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា វិស័យយោធាចាំបាច់ត្រូវពង្រឹងដោយមាន «ស្មារតីនៃភាពបន្ទាន់ និងវិបត្តិ» ខណៈដែលការវាយតម្លៃថ្មីរបស់រដ្ឋាភិបាលបានព្រមានអំពីការកើនឡើងនៃហានិភ័យពីប្រទេសចិន រុស្ស៊ី និង កូរ៉េខាងជើង។

នាង គីម យ៉ូជុង ក៏បានលើកឡើងពីការសាកល្បងបាញ់មីស៊ីលប្រភេទ Tomahawk ដែលមានរយៈចម្ងាយឆ្ងាយរបស់ជប៉ុន នាពេលថ្មីៗនេះ និងការចូលរួមរបស់ជប៉ុន នៅក្នុងសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅប្រទេសហ្វីលីពីន កាលពីខែឧសភា ដោយចាត់ទុកថា ជាភស្តុតាងនៃការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ «សកម្មភាពយោធាដ៏គ្រោះថ្នាក់» នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

នាង គីម យ៉ូជុង បញ្ជាក់ថា «យើងនឹងមិននៅស្ងៀមមើលការវិវត្តផ្នែកយោធារបស់ជប៉ុន ដែលអាចបង្កជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរនោះឡើយ»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា