ថៃបដិសេធការពិត រួមទាំងរបាយការណ៍របស់ UN ដើម្បីលុបដានជើងឈ្លានពានកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបដិសេធការពិត រួមទាំងរបាយការណ៍របស់ UN ដើម្បីលុបដានជើងឈ្លានពានកម្ពុជា

ថៃបដិសេធការពិត រួមទាំងរបាយការណ៍របស់ UN ដើម្បីលុបដានជើងឈ្លានពានកម្ពុជា

ប្រទេសថៃ កំពុងប្រើយុទ្ធសាស្ត្រជ្រើសរើសយកតែអ្វីដែលចំណេញ ដោយបដិសេធរាល់ការពិត និងការវាយតម្លៃទាំងឡាយណាដែលមិនបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន រួមទាំងរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់អ្នករាយការណ៍ពិសេស UN ផងដែរ។

Advertisement

កាលពីថ្ងៃទី៣១ ខែកក្កដា លោក ថូម៉ាស អ៊េនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចេញរបាយការណ៍បូកសរុប បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល ១០ថ្ងៃនៅក្នុងប្រទេស។ ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យផ្ទាល់ដល់មជ្ឈមណ្ឌលភៀសសឹក និងសហគមន៍រងគ្រោះក្នុងខេត្តបន្ទាយមានជ័យ លោកបានគូសរំលេចយ៉ាងច្បាស់ពីផលប៉ះពាល់ផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលកើតចេញពីជម្លោះព្រំដែន។

លោក Andrews បានឱ្យដឹងថា ក្នុងចំណោមជនភៀសសឹកកម្ពុជា ៦៥ម៉ឺននាក់ ដែលបានជម្លៀសខ្លួនកាលពីឆ្នាំមុន នៅមានប្រមាណ ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារផ្ទះសម្បែង ការងារ និងមុខរបរត្រូវបានបាត់បង់ទាំងស្រុង។ លោកបានសង្កេតឃើញផ្ទាល់ភ្នែកនូវការខូចខាតទ្រព្យសម្បត្តិ វត្តមានគ្រាប់មិនទាន់ផ្ទុះ និងការរាំងខ្ទប់ពលរដ្ឋខ្មែរមិន​ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ផ្អែកលើស្ថានភាពនេះ លោកបានអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ធានាការវិលត្រឡប់ដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលភៀសសឹក ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រទេសថៃប្រកាសមិនទទួលស្គាល់របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនោះទេ ដោយលើកឡើងថា ការប្រមូលព័ត៌មានធ្វើឡើងតែពីភាគីម្ខាង ហើយថៃគ្រោងដាក់លិខិតតវ៉ាទៅអង្គការសហប្រជាជាតិទៀតផង​។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោក ថូម៉ាស អ៊េនឌ្រូ បានចុះពិនិត្យស្ថានភាពដល់ទីតាំង ដោយបានឃើញផ្ទាល់ភ្នែកនូវពលរដ្ឋខ្មែររស់នៅក្នុងតង់បណ្តោះអាសន្ន រួមទាំងសកម្មភាពរបស់ភាគីថៃដែលបានរាយបន្លាលួស និងដាក់តម្រៀបទូរកុងតឺន័រលើទឹកដីកម្ពុជា ដូចបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ។

ឯកឧត្តមសង្កត់ធ្ងន់ថា ការដែលភាគីថៃចេញប្រតិកម្មយ៉ាងក្តៅគគុកបែបនេះ គឺដោយសារតែរបាយការណ៍របស់អ្នករាយការរណ៍ពិសេស UN បានបកអាក្រាត និងឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៃទង្វើឈ្លានពានរបស់ថៃ ដែលបានបំផ្លិចបំផ្លាញលំនៅឋាន និងរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគេវិញបាន។

ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាស្ថាប័នអន្តរជាតិនានា ចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពខ្មែរ និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។

ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។

ចំណែកអ្នកជំនាញភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ មើលឃើញថា ថៃដឹងច្បាស់ពីព្រំដែនអន្តរជាតិ ប៉ុន្តែបានរៀបចំយុទ្ធសាស្ត្រឈ្លានពានទុករួចជាស្រេច និងបន្តបដិសេធការអន្តរាគមន៍ពីអន្តរជាតិ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថា ថៃកំពុងព្យាយាមបិទបាំងសហគមន៍អន្តរជាតិ ដើម្បីគេចវេសពីការទទួលខុសត្រូវក្នុងការបង្ក និងអូសបន្លាយជម្លោះនេះ។

លោកបានសង្កត់ធ្ងន់ថា ថៃនឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងមិនឱ្យសហគមន៍អន្តរជាតិដឹងពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ភស្តុតាងពីទង្វើរបស់ថៃកំពុងប្រមូលផ្តុំកាន់តែច្រើន ហើយសហគមន៍អន្តរជាតិនឹងតម្រូវឱ្យថៃទទួលខុសត្រូវនាពេលខាងមុខ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា