បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង»

បង្កើតសហគមន៍ចិញ្ចឹមមាន់ស្រែថ្មីមួយទៀត នៅមណ្ឌលភៀសសឹក «តាកឹងបៃតង»

ភ្នំពេញ៖សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន តាកឹង​បៃតង នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ការបង្កើតសហគមន៍​ក្នុងគោលដៅជួយលើកស្ទួយជីវភាពដល់ជនភៀសសឹក​តាមរយៈ​ការ​រកប្រាក់ចំណូល ក៏ដូចជាបង្កើតការងារជូនដល់ជនភៀសសឹក ។

Advertisement

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦​ថា សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់ស្រែថ្មីមួយទៀតត្រូវបានបង្កើតជាផ្លូវការ នាមណ្ឌលស្នាក់នៅបណ្តោះអាសន្នតាកឹងបៃតង នៅខេត្តព្រះវិហារ ។សហគមន៍កសិកម្មទំនើប«តាកឹងបៃតងសាមគ្គី» ដែលមានសមាជិកសរុប២៥៥គ្រួសារ បានរៀបចំ​មហា​សន្និបាតកំណើតដំបូងរបស់ខ្លួន ដើម្បីបោះឆ្នោតរៀបចំក្រុមប្រឹក្សាភិបាលសម្រាប់ការគ្រប់គ្រងសកម្មភាព​ចិញ្ចឹមមាន់​ស្រែរួមគ្នា​ជាសហគមន៍ ដោយទទួលបានការគាំទ្រទាំងស្រុងពីក្រសួងកសិកម្ម ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស សម្ភារៈផលិតកម្ម ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម សមាជិកសហគមន៍ទាំង២៥៥នាក់ ម្នាក់ៗនឹងទទួលបានដូចជា​ទ្រុងចិញ្ចឹមមាន់ស្តង់ដា​ចំនួន១,ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់​ចិញ្ចឹមមាន់​មួយ​វគ្គ​ដំបូង​,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ,ការគាំទ្រទីផ្សារពេលប្រមូលផលក្នុងតម្លៃសមរម្យ។

សូមជម្រាបថា កាលពីខែមិថុនាកន្លងទៅនេះ សហគមន៍កសិកម្មទំនើបចិញ្ចឹមមាន់​ស្រែ​បានបង្កើតជាលើកដំបូង​មណ្ឌល​ស្នាក់​នៅ​ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ។តាមរយៈគម្រោងនឹងត្រូវបង្កើតឡើងក្នុងខេត្តចំនួន៣គឺខេត្តបន្ទាយមានជ័យ ,ឧត្តរមាន​ជ័យ និងខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដល់បងប្អូនជនភៀសសឹកក្នុងរង្វង់ពី ៣ទៅ៤ពាន់គ្រួសារ ហើយនឹងត្រូវ​បញ្ចប់នៅ​ឆ្នាំនេះដែរ។

ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍផ្នែកកសិកម្មបន្ថែម ដើម្បីធានាថាបងប្អូនជនភៀសសឹក អាចទទួលបានប្រាក់​ចំណូល​ប្រចាំថ្ងៃប្រកបដោយស្ថិរភាព។អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ពីសកម្មភាពកសិកម្មអាទិភាពចំនួន ៣ ដែលកំពុង​ត្រូវ​បានរៀបចំមានដូចជា ការដាំដុះដំណាំអាស្រ័យទឹកភ្លៀង ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។ជាមួយ​គ្នា​នេះ​ជនភៀសសឹកនឹងទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានា​តភ្ជាប់ទីផ្សារលក់ចេញទុកជាមុនទៀតផង៕


ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា