កម្ពុជាបោះជំហានទៅរកការគ្រប់គ្រងកាកសំណល់តាមប្រព័ន្ធឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបោះជំហានទៅរកការគ្រប់គ្រងកាកសំណល់តាមប្រព័ន្ធឌីជីថល

កម្ពុជាបោះជំហានទៅរកការគ្រប់គ្រងកាកសំណល់តាមប្រព័ន្ធឌីជីថល

កម្ពុជា កំពុងបោះជំហានថ្មីមួយទៀត ឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ឧស្សាហកម្មតាមប្រព័ន្ធឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការតាមដានកាកសំណល់ចាប់ពីប្រភពដើម រហូតដល់ការដឹកជញ្ជូន និងកែច្នៃ។
 
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងភាគីកូរ៉េ បានសហការរៀបចំសិក្ខាសាលាមួយ ដើម្បីបង្ហាញពីដំណើរការ និងប្រសិទ្ធភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងតាមដាន គ្រប់គ្រង និងទប់ស្កាត់ការចោលកាកសំណល់ឧស្សាហកម្មខុសច្បាប់ ដោយធានាបាននូវតម្លាភាព សុវត្ថិភាពបរិស្ថាន និងការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។
 
ប្រព័ន្ធនេះត្រូវបានរៀបចំឡើងតាមគំរូ «ប្រព័ន្ធ Allbaro» របស់សាធារណរដ្ឋកូរ៉េ ដោយកែសម្រួលឱ្យស្របទៅនឹងច្បាប់ បទប្បញ្ញត្តិ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ប្រព័ន្ធនេះមានគោលដៅតាមដានខ្សែចង្វាក់កាកសំណល់ ចាប់ពីការបង្កើត ការប្រមូល ការដឹកជញ្ជូន រហូតដល់ការចាក់សំរាម ឬកែច្នៃ។
 
លោកបណ្ឌិត ចេ-ឈុន យូ (Jae-Cheon You) ទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីចែករំលែកចំណេះដឹង (KSP) បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធឌីជីថលនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។
 
ឯកឧត្តម គីម ចាងយ៉ុង (Kim Chang-Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរំឮកថា កម្ពុជា និងកូរ៉េ បានសហការគ្នាលើការគ្រប់គ្រងកាកសំណល់ជាបន្តបន្ទាប់ ក្នុងនោះ ឆ្នាំ២០២២ ផ្តោតលើផែនការកែច្នៃកាកសំណល់ ឆ្នាំ២០២៣ ផ្តោតលើប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងឆ្នាំ២០២៥ បានឈានដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងផ្អែកលើបច្ចេកវិទ្យាឌីជីថល។
 
ឯកឧត្តមបានបញ្ជាក់ថា ភាគីកូរ៉េនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញឱ្យលទ្ធផលនៃការសិក្សា និងអនុសាសន៍គោលនយោបាយ អាចប្រែក្លាយទៅជាប្រព័ន្ធដែលអាចអនុវត្តបានជាក់ស្តែង មិនមែនត្រឹមតែជារបាយការណ៍ប្រឹក្សាគោលនយោបាយប៉ុណ្ណោះទេ។
 
ឯកឧត្តមបានបន្ថែមថា ប្រទេសកូរ៉េខាងត្បូងក៏ធ្លាប់ប្រឈមមុខនឹងបញ្ហាគ្រប់គ្រងកាកសំណល់ក្នុងអំឡុងពេលដំណើរការឧស្សាហូបនីយកម្ម ហើយបានកែលម្អប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ស្របតាមការរីកចម្រើននៃវិស័យឧស្សាហកម្ម។
 
យោងតាមឯកឧត្តម ទុង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម  ការរៀបចំស្ថាបត្យកម្មប្រព័ន្ធឌីជីថលនេះ នឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់កម្ពុជាក្នុងការបង្កើតប្រព័ន្ធតាមដានទិន្នន័យកាកសំណល់ឧស្សាហកម្ម ដែលមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ចាប់ពីប្រភពបង្កើត រហូតដល់ទីតាំងចាក់សំរាម និងរោងចក្រកែច្នៃ។
 
តាមមន្ត្រីជំនាញ ប្រព័ន្ធឌីជីថលនេះ នឹងជួយសម្រួលដល់រាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ សហគ្រាស ក្នុងការត្រួតពិនិត្យខ្សែចង្វាក់កាកសំណល់បានកាន់តែមានប្រសិទ្ធភាព ព្រមទាំងជួយទប់ស្កាត់ការចោលកាកសំណល់ដោយខុសច្បាប់ និងរួមចំណែកដល់ការការពារបរិស្ថាន សុខុមាលភាពសង្គម និងការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា៕
 
(រូបភាព៖ សម្បត្តិ)
អត្ថបទ៖ វណ្ណា

Advertisement
ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា