គ្រូពេទ្យ ឈុន ផល្លី ត្រូវបានដកពីដំណែង ផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ២ឆ្នាំ និងអាចប្រឈមទោសព្រហ្មទណ្ឌ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូពេទ្យ ឈុន ផល្លី ត្រូវបានដកពីដំណែង ផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ២ឆ្នាំ និងអាចប្រឈមទោសព្រហ្មទណ្ឌ​
នយោបាយ 05/08/2026

គ្រូពេទ្យ ឈុន ផល្លី ត្រូវបានដកពីដំណែង ផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ២ឆ្នាំ និងអាចប្រឈមទោសព្រហ្មទណ្ឌ​

ប្រធានមណ្ឌលសុខភាពសិត្បូ ខេត្តកណ្តាល ដែលរងការចោទប្រកាន់ថាបានបៀតបៀនលើស្រ្តីជាអ្នកជំងឺ ត្រូវបានដកហូតពីដំណែង ហើយអាចប្រឈមមុខនឹងទោសព្រហ្មទណ្ឌទៀតផង។
 
អភិបាលខេត្តកណ្តាល បានសម្រេចបញ្ចប់មុខដំណែង​លោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី​វិញ បន្ទាប់ពីគ្រូពេទ្យរូបនេះបានទទួលរងការរិះគ្រប់ទិសទីថាបានបន្លំប៉ះពាល់ដើមទ្រូងអ្នកជំងឺជាយុវតីម្នាក់ ក្នុងពេលធ្វើចលនាសង្គ្រោះបេះដូង នៅលើរថយន្តសង្គ្រោះបន្ទាន់។
 
លោក គាម ពិសិដ្ឋ ប្រធានស្ដីទី មន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គណៈគិលានុបដ្ឋាក ក៏បានសម្រេចផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់លោក ឈុន ផល្លី ចំនួន២ឆ្នាំផងដែរ។
 
លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានលើកឡើងថា អ្នកសង្រ្គោះគ្រប់រូបត្រូវគោរពវិជ្ជាជីវ:ខ្លួន មិនត្រូវបំពានរាងកាយអ្នកជំងឺទេ ទោះក្នុងរូបភាពបែបណាក៏ដោយ។
 
លោកវេជ្ជបណ្ឌិតបានពន្យល់ថា ការធ្វើ CPR ឬ ការសង្រ្គោះមុខងារបេះដូង និងសួត គឺអាចធ្វើទៅបានលុះត្រាតែអ្នកជំងឺមានបញ្ហាគាំងបេះដូង​ គ្មានចង្វាក់បេះដូង ដង្ហើមមិនប្រក្រតី ដកចង្កាមាន់ ដែលកើតឡើងក្នុងករណី លង់ទឹក  គ្រោះថ្នាក់ចរាចរ  ឬ ឆក់ខ្សែភ្លើង។​
 
បើតាមលោក លី រតនា ការសង្រ្គោះមុខងាបេះដូង និង សួតអាចធ្វើដោយ ២ របៀប គឺ សង្កត់ទ្រូង ២ដង និងសប់ ២ដង និងការសង្កត់ទ្រូងរហូតក៏បាន ដោយមិនចាំបាច់សប់ ក្នុងករណីដែលមានអ្នកសង្រ្គោះតែម្នាក់ ឬ អ្នកសប់ខ្យល់មិនមានជំនាញ ឬមិនមានបំណងជួយ គេអាចធ្វើក្នុងពេលគាំងបេះដូងភ្លាមៗ។​
 
ចំណែកលោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានលើកឡើងថា សកម្មភាពលោកគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតស្ត្រីនោះ គឺលើសពីការបំពានវិជ្ជាជីវៈគ្រូពេទ្យ ព្រោះសកម្មភាពនេះបង្ហាញពីការបំពានរាងកាយស្ត្រីយ៉ាងច្បាស់លាស់ ជាទោសដែលមានចែង​នៅក្នុងបទល្មើសព្រហ្មទណ្ឌ។ 
 
ដូចគ្នានេះដែរ លោកមេធាវី សុក សំអឿន ​យល់ឃើញថា ទង្វើរបស់លោកគ្រូពេទ្យនោះ អាចនឹងរងពីបទប្រទូសកេរ្តខ្មាស តាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ ដែលមានទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។
 

អនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យក៏បានចែងយ៉ាងច្បាស់ថា  ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះក្នុងលក្ខណៈជាឯកជន ជាសាធារណៈ គ្រូពេទ្យ ត្រូវតែគោរព ជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕

Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា