អ្នកជំនាញធ្វើកំណាយផ្លូវបុរាណចូលតំបន់ប្រាសាទបាគង ដែលមានអាយុកាលជាង ១.០០០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញធ្វើកំណាយផ្លូវបុរាណចូលតំបន់ប្រាសាទបាគង ដែលមានអាយុកាលជាង ១.០០០ឆ្នាំ

អ្នកជំនាញធ្វើកំណាយផ្លូវបុរាណចូលតំបន់ប្រាសាទបាគង ដែលមានអាយុកាលជាង ១.០០០ឆ្នាំ

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយបុរាណវិទ្យាជាលើកដំបូង ដើម្បីសិក្សាពីរចនាសម្ព័ន្ធផ្លូវបុរាណឆ្លងកសិន្ធុខាង​លិច​នៃប្រាសាទបាគង មុនឈានដល់ការជួសជុលពង្រឹងឡើងវិញ។
 
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការ​កំណាយស្រាវជ្រាវបុរាណវិទ្យានៅតាមបណ្តោយផ្លូវចូល​ឆ្លងកសិន្ធុ​ខាងលិចនៃប្រាសាទបាគង ខេត្តសៀមរាបដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាតនៃរចនាសម្ព័ន្ធទាំងមូល មុននឹងឈានទៅអនុវត្តគម្រោងជួសជុល និងពង្រឹងសោភ័ណភាពស្ពានហាលនេះឡើងវិញ។
 
លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ផ្លូវចូល​ឆ្លងកសិន្ធុខាងលិចរបស់ប្រាសាទបាគងមានប្រវែង ៧០ម៉ែត្រ ,ទទឹង ១២ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ មុននឹងចាប់ផ្តើមការងារ​ជួសជុលជាក់ស្តែង ក្រុមការងារចាំបាច់ត្រូវធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធដើមទាំងស្រុង ព្រមទាំង​រៀបចំប្រមូលបំណែកថ្មបាយក្រៀម និងចម្លាក់ដងខ្លួននាគដែលបានរលុះធ្លាក់ និងកប់នៅក្នុងកសិន្ធុ។
 
បច្ចុប្បន្ន រចនាសម្ព័ន្ធផ្លូវចូលនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងកាត់កាលវេលាជាង១ពាន់ឆ្នាំ។ ជញ្ជាំងទប់តួថ្នល់​ធ្វើអំពីថ្មបាយក្រៀមទាំងសងខាង បានរលុះធ្លាក់ស្ទើរតែទាំងស្រុង រីឯចម្លាក់ដងខ្លួននាគអមសងខាងផ្លូវក៏បានបាត់បង់​ពីទី​តាំងដើមភាគច្រើនផងដែរ។ កត្តាចម្បងដែលបណ្តាលឱ្យមានការខូចខាតនេះ គឺមកពីដើមឈើដុះចាក់ឫសរីកសាយ និង​ការហូរច្រោះដីដោយសារទឹកភ្លៀងជារៀងរាល់រដូវវស្សា។
 
លោកបណ្ឌិត ជា សុជាតិ បុរាណវិទូ និងជាអ្នកទទួលបន្ទុកការងារកំណាយនៅទីតាំងនេះ បានបញ្ជាក់ថា ផ្លូវចូលឆ្លងកសិន្ធុខាង​លិច​ប្រាសាទបាគង ពុំធ្លាប់មានប្រវត្តិសិក្សាស្រាវជ្រាវបុរាណវិទ្យា ឬជួសជុលនាពេលកន្លងមកនោះឡើយ។ ការធ្វើកំណាយ​នាពេលនេះគឺមានសារសំខាន់បំផុតក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ និងបទដ្ឋាន​បច្ចេក​ទេសរបស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរ​ព្រៃគុក។
  
ខណៈនេះក្រុមការងារបានរៀបចំផែនការសកម្មភាព និងបច្ចេកទេសនៃកំណាយ ដោយកំណត់ទីតាំងកំណាយក្នុងជំហានដំបូង​ចំនួន ៤ កន្លែង រួមមាន ជ្រុងឦសាន ជ្រុងអាគ្នេយ៍ ជ្រុងនិរតី និងជ្រុងពាយ័ព្យ ហើយបន្ទាប់មកនឹងបន្តធ្វើកំណាយនៅចំណុច​កណ្តាល និងភាគខាងលិចនៃស្ពានហាល។
 
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កំណាយបុរាណវិទ្យានេះមានគោលដៅសិក្សាពីបច្ចេកទេសសាងសង់ និងរចនាសម្ព័ន្ធគ្រឹះ​ស្ពាន​ហាល ពិនិត្យទំនាក់ទំនងរវាងផ្លូវនិងកាំជណ្តើរកសិន្ធុ ស្រាវជ្រាវពីប្រភេទកម្រាលខាងលើ ព្រមទាំងប្រមូលបំណែកថ្ម និងចម្លាក់​បុរាណដែលកប់ក្នុងទឹក យកមកផ្គុំរៀបចំនៅទីតាំងដើមវិញ៕
ដោយ៖ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា