អ្នកឃ្លាំមើលសង្គម ជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរឹងលើជនបង្កបុកគេស្លាប់ហើយរត់គេច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលសង្គម ជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរឹងលើជនបង្កបុកគេស្លាប់ហើយរត់គេច

អ្នកឃ្លាំមើលសង្គម ជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរឹងលើជនបង្កបុកគេស្លាប់ហើយរត់គេច

អ្នកឃ្លាំមើលការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹងទៅ​លើ​ករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយរត់គេចមិនទទួលសុខត្រូវ។ ការជំរុញនេះធ្វើឡើងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត រីឯជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
 
ជាក់ស្ដែង គ្រោះថ្នាក់ដ៏រន្ធត់ចុងក្រោយបានកើតឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល​ រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យយុវតីម្នាក់ស្លាប់ និងមនុស្ស ៤នាក់ទៀតរងរបួសស្រាល។ ជនបង្កបានរត់គេចខ្លួនភ្លាមៗ ហើយ២ថ្ងៃក្រោយមក ក៏បានចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
 
មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ទោះបីជនបង្កបានបង់ប្រាក់សំណងចំនួន ១៨ ៥០០ ដុល្លារដល់គ្រួសារជនរងគ្រោះក៏ដោយ។ ករណីបុករត់បែបនេះក៏បានកើតឡើងកាលពីយប់ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២៦នៅក្បែរផ្សារទំនើប អ៊ីអន​ 2​​​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ បណ្តាលបុរសម្នាក់បាត់បង់ជីវិត។
 
សាធារណជនទាមទារឲ្យមានចំណាត់ការផ្លូវច្បាប់ធ្ងន់ធ្ងរលើជនបង្ក ដើម្បីឲ្យពួកគេរៀលចាល និងទុកជាការព្រមានដល់អ្នកក្រោយទៀត កុំឲ្យយកគំរូតាម។
 
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ការរឹតបន្តឹងការអនុវត្តច្បាប់លើជនបង្ក ដែលបុកគេស្លាប់ហើយរត់គេច អាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានច្រើន។
 
លោកបន្តថា៖ ប្រសិនបើយើងមានវិធានការឲ្យបានតឹងរឹង ប្រកបដោយតម្លាភាព ហើយស្មើភាព ខ្ញុំជឿជាក់ថាករណីនេះអាចកាត់បន្ថយបានច្រើនជាអតិបរិមា។
 
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីយល់ឃើញថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីសម្រាប់ដាក់ទោសទណ្ឌទៅលើជនបង្កបុកគេស្លាប់ហើយរត់គេចខ្លួន​ ស្ថិតក្នុងកម្រិតស្រាលនៅឡើយ។ លោកស្នើឲ្យមានការបន្ថែមទោសឲ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន ។
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំន​ង​​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា អំពាវនាវឲ្យអាជ្ញាធរបន្ថែមកាម៉េរ៉ាសុវត្ថិភាព ដើម្បីតាមដានលំហូរចរាចរណ៍  ព្រមទាំងមានមន្រ្តីប្រចាំការគ្រប់ពេលតាមដងផ្លូវ។
 
យោងតាមមាត្រា៨៥ ច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១៥លានរៀល។ ប៉ុន្តែចំពោះករណីបើកបររត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ត្រូវផ្តន្ទា​ទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥ លាន​រៀល។
 
ពាក់ព័ន្ធការអនុវត្តច្បាប់នេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ក៏​បានសំណូមពរឲ្យមានការបង្កើតសមាគមសម្រាប់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដើម្បីតាមដានការអនុវត្តច្បាប់​របស់សមត្ថកិច្ច និងតុលាការទៅលើជនបង្របុកគេស្លាប់ហើយរត់គេច។ លោកយល់ថា ការធ្វើបែបនេះ គឺអាចជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា