កម្ពុជា កំពុងរៀបចំច្បាប់ការពារទិន្នន័យបុគ្គល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា កំពុងរៀបចំច្បាប់ការពារទិន្នន័យបុគ្គល​

កម្ពុជា កំពុងរៀបចំច្បាប់ការពារទិន្នន័យបុគ្គល​

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល បានឈានដល់ដំណាក់កាលពិភាក្សាចុងក្រោយហើយ បន្ទាប់ពីបានឆ្លងកាត់ការពិគ្រោះយោបល់ចំនួន ៣លើកកន្លងមក។ សិក្ខាសាលាផ្ទៀងផ្ទាត់លើកចុងក្រោយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីបញ្ចប់ការពិភាក្សា និងសរុបមតិយោបល់ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ មុននឹងស្នើសុំការអនុម័តពីសភា។
 
ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទិន្នន័យបានក្លាយជាធនធានយុទ្ធសាស្ត្រដ៏មានតម្លៃ និងជាកម្លាំងចលករសំខាន់សម្រាប់នវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ។ ទន្ទឹមនឹងនេះ ការការពារទិន្នន័យបុគ្គលក៏បានក្លាយជាបញ្ហាអាទិភាព ដើម្បីធានាថា ការប្រើប្រាស់ទិន្នន័យប្រព្រឹត្តទៅដោយសុវត្ថិភាព មានទំនួលខុសត្រូវ និងគោរពសិទ្ធិរបស់បុគ្គល។ ​
 
ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋនឹងប្រើប្រាស់សេវាឌីជីថលដោយភាពជឿជាក់ លុះត្រាតែពួកគេមានទំនុកចិត្តថា ទិន្នន័យបុគ្គលរបស់ខ្លួនត្រូវបានការពារយ៉ាងត្រឹមត្រូវ។ ចំណែកធុរជននឹងធ្វើការវិនិយោគ ឬធ្វើនវានុវត្តន៍ដោយមានទំនុកចិត្ត លុះត្រាតែមានក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ តម្លាភាព និងអាចព្យាករបាន។
 
ដូច្នេះ ការការពារទិន្នន័យបុគ្គល មិនត្រឹមតែជាកាតព្វកិច្ចផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្ត និងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពផងដែរ។ ទំនុកចិត្តដែលកើតចេញពីការការពារទិន្នន័យបុគ្គល មិនត្រឹមតែជាមូលដ្ឋានសម្រាប់បរិវត្តកម្មឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
 
ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល មិនមានគោលបំណងរារាំងនវានុវត្តន៍ ឬបង្កើតបន្ទុកនិយ័តកម្មដែលមិនចាំបាច់នោះទេ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតបរិយាកាសឌីជីថលប្រកបដោយទំនុកចិត្ត ដែលក្នុងនោះ ការការពារឯកជនភាព នវានុវត្តន៍ និងបច្ចេកវិទ្យា AI អាចអភិវឌ្ឍទៅជាមួយគ្នា។
 
តាមរយៈការកំណត់វិធានច្បាស់លាស់សម្រាប់ការប្រមូល ការប្រើប្រាស់ ការចែករំលែក និងការការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់នេះនឹងជួយពង្រឹងទំនុកចិត្តរបស់សាធារណជន ជំរុញការអភិវឌ្ឍ AI ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងគាំទ្រពាណិជ្ជកម្មឌីជីថលឆ្លងដែន ទាក់ទាញការវិនិយោគឌីជីថល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក។
 
ឯកឧត្តម គង់ ផល្លៈ បានគូសបញ្ជាក់ថា ការការពារទិន្នន័យបុគ្គលមិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ សង្គមស៊ីវិល អ្នកអភិវឌ្ឍបច្ចេកវិទ្យា និងប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមបញ្ជាក់ថា៖ «តាមរយៈកិច្ចសហការរបស់យើងទាំងអស់គ្នា យើងនឹងអាចកសាងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋ និងគាំទ្រអនាគតឌីជីថលរបស់កម្ពុជា»៕
 
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា