ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តមគង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាង​ស្ថានប្រតិភូសហភាពអឺរ៉ុប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

Advertisement

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងច្បាប់ឱ្យមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអនាគតឌីជីថលរបស់កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកទស្សនៈមួយថា “ការអនុវត្តច្បាប់មិនចាប់ផ្តើមនៅថ្ងៃដែលច្បាប់ចូលជាធរមាននោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីដំណាក់កាលនៃការតាក់តែងច្បាប់ និងការត្រៀមខ្លួន។ ច្បាប់មួយអាចទទួលបានជោគជ័យ ល្គឹកណាមានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ”។​

ក្នុងន័យនេះ ការពិគ្រោះយោបល់កន្លងមក និងសិក្ខាសាលាផ្ទៀងផ្ទាត់នាពេលនេះ មិនមែនគ្រាន់តែជាដំណើរការតាក់តែងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃការអនុវត្តច្បាប់ផងដែរ។ តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ យើងបានរួមគ្នាកសាងការយល់ដឹង ពង្រឹងទំនុកចិត្ត និងត្រៀមខ្លួន ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះទទួលបានជោគជ័យ។ ឯកឧត្តមគង់ ផល្លៈបានបញ្ចប់ប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ «បញ្ញាសិប្បនិម្មិត (AI) អាចកំណត់អនាគតរបស់យើង ប៉ុន្តែការការពារទិន្នន័យបុគ្គល នឹងកំណត់ថា អនាគតនោះអាចទទួលបានទំនុកចិត្តដែរឬទេ»៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា