ខេត្តកំពត ផលិតស៊ីម៉ង់ត៍បាន ៧លានតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកំពត ផលិតស៊ីម៉ង់ត៍បាន ៧លានតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក

ខេត្តកំពត ផលិតស៊ីម៉ង់ត៍បាន ៧លានតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក

កំពត គឺជាខេត្តដែលមានការផលិតស៊ីម៉ង់ត៍ច្រើនជាងគេនៅកម្ពុជា ដោយប្រមូលផ្តុំរោងចក្រស៊ីម៉ង់ត៍ធំៗជាច្រើន និងមានសមត្ថភាពផលិតសរុបរហូតដល់៧លានតោនក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

Advertisement

មន្រ្តីរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកំពតមានរោងចក្រផលិតស៊ីម៉ង់ត៍សរុបចំនួន ៥ កន្លែង ដោយក្នុងនោះ ៤ កន្លែងកំពុងដំណើរការផលិតយ៉ាងសកម្ម និងអាចផលិតស៊ីម៉ង់ត៍បានប្រមាណជិត ៧លានតោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការសាងសង់នៅក្នុងប្រទេស។

លោក មឿង គង្គា អភិបាលរងខេត្តកំពត បានឱ្យដឹងថា រោងចក្រទាំង ៤ ដែលកំពុងដំណើរការ រួមមាន រោងចក្រីទីង ក្រុមហ៊ុនស៊ីម៉ង់ត៍ជីបម៉ុង ក្រុមហ៊ុនខេធីស៊ីមិន និងក្រុមហ៊ុនស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង។

ក្រុមហ៊ុនទាំង ៤ នេះ មានទុនវិនិយោគសរុបប្រមាណ ៨២០លានដុល្លារអាមេរិក។ រដ្ឋបាលខេត្តកំពតបានបញ្ជាក់បន្ថែមថា ស៊ីម៉ង់ត៍ដែលផលិតបានទាំងអស់ គឺសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកទាំងស្រុង ដោយពុំមានការនាំចេញទៅក្រៅប្រទេសឡើយ។

បើតាមលោកអភិបាលរងខេត្ត ក្រុមហ៊ុនស៊ីម៉ង់ត៍ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងឧស្សាហកម្មខ្នាតធំក្នុងខេត្តកំពត ព្រមទាំងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ២ ០០០នាក់។

ពាក់ព័ន្ធនឹងវិស័យនេះដែរ សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជាបានបញ្ជាក់ថា កម្ពុជាបានឈានដល់ចំណុចលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង ខណៈក្រុមហ៊ុនក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទីផ្សារ។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS កន្លងមកថា នៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំៗចំនួន ៦ ភាគច្រើនស្ថិតក្នុងខេត្តកំពត ដោយមានសមត្ថភាពផលិតសរុបរហូតដល់ជាង ១២លានតោនក្នុងមួយឆ្នាំ។

ជាក់ស្ដែង នៅឆ្នាំ ២០២៥ ក្រុមហ៊ុនស៊ីម៉ង់ត៍ផលិតបានសរុបជាង ៨លានតោន ខណៈតម្រូវការប្រើប្រាស់លើការងារសាងសង់មានត្រឹមតែ ៦លានតោនប៉ុណ្ណោះ។ បន្ថែមពីនេះ ទិន្នន័យពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កម្ពុជានៅបាននាំចេញស៊ីម៉ង់ត៍ទៅទីផ្សារក្រៅប្រទេសបានចំនួនជាង ៣ម៉ឺនតោនផងដែរកាលពីឆ្នាំមុន៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា