ក្រសួងកសិកម្ម ជំរុញការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនាំចូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម ជំរុញការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនាំចូល

ក្រសួងកសិកម្ម ជំរុញការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនាំចូល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងគាំទ្រឱ្យកសិករងាកមកប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ជំនួសជីគីមី និងថ្នាំកសិកម្មនាំចូលពីបរទេស ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងគុណភាពដី។
 
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម និងអង្គការ GIZ របស់អាល្លឺម៉ង់ បានរៀបចំសិក្ខាសាលាមួយស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម» កាលពីថ្ងៃទី៤សីហា នៅខេត្តត្បូងឃ្មុំ។ ធ្យូងជីវៈ ឬធ្យូងអង្កាម ត្រូវបានផលិតចេញពីអង្កាម សម្រាប់ប្រើប្រាស់ជាជីកែលម្អគុណភាពដីក្នុងវិស័យកសិកម្ម និងបរិស្ថាន។ វាជាធ្យូងដែលបានមកពីការដុតកាកសំណល់អង្កាមនៅក្នុងឡជីវឧស្ម័ន។
 
ដោយឡែក ទឹកខ្មេះធ្យូងជីវៈវិញ គឺត្រូវបានផលិតចេញពីដំណើរការដុតធ្យូងអង្កាម ដើម្បីប្រើប្រាស់ក្នុងវិស័យ​កសិកម្ម ជាជំនួយក្នុងការដាំដុះបន្លែ និងស្រូវ។ នេះគឺជាដំណោះស្រាយធម្មជាតិ ដែលអាចជួយការពារ និងកម្ចាត់ជំងឺផ្សិត ព្រមទាំងការបំផ្លាញដោយសត្វល្អិត ជាពិសេសនៅក្នុងរដូវវស្សា។ លើសពីនេះ វាក៏អាចជួយលើកកម្ពស់គុណភាព និងទម្ងន់របស់ផ្លែផងដែរ។
 
ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ជាពិសេសមន្ត្រីកសិកម្មឃុំ ឱ្យទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីចុះផ្សព្វផ្សាយ បង្ហាញការសាកល្បង និងគាំទ្រកសិករឱ្យអនុវត្តការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ។ ការអនុវត្តបច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការប្រើប្រាស់ធាតុចូលគីមីនាំចូល កាត់បន្ថយថ្លៃដើមផលិតកម្ម កែលម្អសុខភាពដី និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។
 
ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានចូលរួមចែករំលែកបទពិសោធន៍ វាយតម្លៃលទ្ធផលនៃការអនុវត្តជាក់ស្តែង និងរួមគ្នារៀបចំផែនការពង្រីកការផ្សព្វផ្សាយការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ តាមរយៈបណ្តាញមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងមិត្តភាពជាមួយបរិស្ថាន។
 
សូមបញ្ជាក់ថា ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ក្នុងការដាំដុះ ត្រូវបានអនុវត្តស្របតាមគោលការណ៍ «កាត់បន្ថយគីមី បង្កើនធម្មជាតិ និងបង្កើនផល» របស់ក្រសួងកសិកម្ម។ កន្លងមក មន្ត្រីកសិកម្មឃុំក្នុងខេត្តកំពង់ឆ្នាំងបានសហការជាមួយកសិករ អនុវត្តការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដោយទទួលបានលទ្ធផលល្អលើដំណាំជាច្រើន ដូចជា ត្រសក់ សាឡាត់ ស្ពៃក្រញាញ់ ម្ទេស សណ្តែកកួរ ក្រូចឆ្មារ ឪឡឹក និងស្រូវ។
តាមការអនុវត្តនេះ កសិករទទួលបានទិន្នផលកើនឡើង គុណភាពកសិផលល្អប្រសើរ ព្រមទាំងអាចកាត់បន្ថយ ឬឈានទៅលែងប្រើប្រាស់ថ្នាំគីមីកសិកម្ម។
 
ដោយឡែក សម្រាប់ខេត្តត្បូងឃ្មុំ ការផ្សព្វផ្សាយនេះគឺផ្តោតសំខាន់លើដំណាំគោលដៅដូចជា ម្រេច ទុរេន ស្វាយចន្ទី និងបន្លែ៕

ដោយ៖ ម៉ាដេប៉ូ

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា