កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ ក្នុងរយៈពេល ៧ខែឆ្នាំងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ ក្នុងរយៈពេល ៧ខែឆ្នាំងនេះ

កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់ ក្នុងរយៈពេល ៧ខែឆ្នាំងនេះ

ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលសរុបជិត ៤លាននាក់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន។
 
អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមានអាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦។ ចំនួននេះមានការថយចុះ ៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។
 
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ជើងហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានទាំងបីមានចំនួនជិត ៤ម៉ឺនជើង ថយចុះ ១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ប៉ុន្តែ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥ម៉ឺន ៧ពាន់តោន កើនឡើង ២១% បើធៀបនឹងឆ្នាំមុន។
 
របាយការណ៍របស់អាកាសចរណ៍ស៊ីវិល ដែលបណ្តាញសារព័ត៌មាន AMS ទទួលបាន បង្ហាញថា ចំនួនអ្នកដំណើរនៅខែកក្កដា ធៀបនឹងខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងខែកក្កដា ចំនួនអ្នកដំណើរចេញចូលមានប្រមាណ ៤៤ម៉ឺននាក់ កើនឡើង ១២ភាគរយ ខណៈជើងហោះហើរចេញចូលមានជិត ៥ពាន់ជើង កើនឡើង ១១ភាគរយ។ ជាមួយគ្នានេះ ការដឹកជញ្ជូនទំនិញសម្រេចបានជិត ១ម៉ឺនតោន កើនឡើង ៩ភាគរយ និងជើងហោះហើររំលងដែនអាកាសមានជាង ៨ពាន់ជើង កើនឡើង ១៣ភាគរយ។
 
របាយការណ៍បានបង្ហាញទៀតថា​ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្នុងស្រុកចំនួន ៤ និងអន្តរជាតិ ២៩ក្រុមហ៊ុន កំពុងប្រតិបត្តិការហោះហើរនៅកម្ពុជា ដោយមានជើងហោះហើរទ្វេទិសសរុបជាមធ្យម ១ ១០០ជើង ក្នុងមួយសប្តាហ៍ នៅតាមអាកាសយានដ្ឋានទាំងបួន។
 
ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោមានជិត ៨០០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមាន ២៦០ជើង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ៦៨ជើង និងអាកាសយានដ្ឋានតារាសាគរមាន ៤ជើង ក្នុងមួយសប្តាហ៍ រួមទាំងជើងហោះហើរក្នុងស្រុក រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ និងតារាសាគរផងដែរ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា