ផ្ទះពលរដ្ឋខ្មែរជាង៦០០ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវយោធាថៃឈូសកម្ទេច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទះពលរដ្ឋខ្មែរជាង៦០០ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវយោធាថៃឈូសកម្ទេច​

ផ្ទះពលរដ្ឋខ្មែរជាង៦០០ខ្នងនៅខេត្តបន្ទាយមានជ័យត្រូវយោធាថៃឈូសកម្ទេច​

ជាង​៧ខែក្រោយបទបាញ់ យោធាថៃបានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរចំនួន៦២៧ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ​។​
នេះបើតាមការរបាយការណ៍របស់អង្គការលីកាដូ ដែលបង្ហាញរូបថតជាច្រើនសន្លឹកពីផ្កាយរណបនៃទីភ្នាក់ងារអវកាសអ៊ឺរ៉ុប(European Space Agency’s Sentinel-2) ដែលថតបានកាលពីខែមីនា ឆ្នាំ២០២៦​។
 
លំនៅឋានរបស់ពលរដ្ឋខ្មែរ ដែលត្រូវបាន​ឈូសឆាយ​បំផ្លាញនោះ គឺស្ថិតនៅក្រោមការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ អង្គការលីកាដូបញ្ជាក់លម្អិតថា ​ នៅភូមិជោគជ័យ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ២៧០ត្រូវបានឈូសបំផ្លាញ ហើយក្នុងភូមិព្រៃចាន់ចំនួន ៥៨ខ្នងត្រូវបានបំផ្លាញ រីឯតំបន់បឹងត្រកួនវិញ ផ្ទះចំនួន២៩៩​ខ្នងត្រូវបានកម្ទេច។ នៅតំបន់ទាំងនោះ ប្រជាពលរដ្ឋស៊ីវិលចំនួន ១ ៨៧០គ្រួសារ ស្មើនឹង ៨ ៧៩០នាក់ ក្នុងនោះមានកុមារជិត ២០០០នាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ។​
 
តំបន់ទាំង៣នេះត្រូវបានយោធាថៃដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លាតសន្លឹងលើទឹកដីកម្ពុជាសរុបចំនួន៧៦៣ហិកតា។
 
ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវបានហាមឃាត់ ដោយយោងតាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្តេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទិ្ធរបស់ជនណា ឬប្រទេសណាក៏ដោយ ។
 
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា លោក Tom Andrews បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ថា យោងតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ មានសិទិ្ធត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាង ប្រទេសថៃ និងប្រទេសកម្ពុជា បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និង គ្មានការរារាំង។​
 
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋ ស្របតាមច្បាប់អន្តរជាតិ សំដៅធ្វើយ៉ាងណាឱ្យជនភៀសសឹកទាំងអស់បានវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា