ក្រសួងអប់រំព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកធ្វើឱ្យបែកធ្លាយប្រធានវិញ្ញាសាបាក់ឌុប អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកធ្វើឱ្យបែកធ្លាយប្រធានវិញ្ញាសាបាក់ឌុប អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ

ក្រសួងអប់រំព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកធ្វើឱ្យបែកធ្លាយប្រធានវិញ្ញាសាបាក់ឌុប អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ

ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦កាន់តែខិតចូលមកដល់ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានព្រមានថា មន្រ្តីណាដែលពាក់ព័ន្ធនឹងការបែកធ្លាយប្រធានវិញ្ញាសាប្រឡង នឹងប្រឈមមុខនឹងវិធានការវិន័យយ៉ាងតឹងរ៉ឹង ហើយក្នុងករណីធ្ងន់ធ្ងរ អាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ។
 
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលរៀបចំឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្រសួងមិនអនុញ្ញាតឱ្យមានការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡង មុន និងអំឡុងពេលដំណើរការប្រឡងឡើយ។ ការបង្ហោះអាចធ្វើបាន លុះត្រាតែការប្រឡងត្រូវបានបញ្ចប់ជាស្ថាពរ។ អ្នករំលោភបំពាននឹងត្រូវទទួលទោសតាមវិធានការរដ្ឋបាល ហើយបើមានលក្ខណៈធ្ងន់ធ្ងរ ក្រសួងនឹងពិចារណាបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋតែម្តង។
 
ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងនឹងអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់មិនឲ្យដូចឆ្នាំមុនឡើយ។ កាលពីឆ្នាំមុន មានករណីបង្ហោះប្រធានវិញ្ញាសានៅលើបណ្តាញសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់ភាពជឿជាក់លើដំណើរការប្រឡង។
 
ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែករណីនេះ ក្រសួងបានពង្រឹងការត្រួតពិនិត្យ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងគ្មានការបែកធ្លាយប្រធានវិញ្ញាសា។
 
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងជាង ១៥ម៉ឺននាក់។ ក្រសួងអប់រំបានរៀបចំមណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ២០៧បន្ទប់ប្រឡង៕

Advertisement

សែន ដាវិត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា