ការបុករត់នៅសែនសុខ៖ គ្រួសារជនរងគ្រោះទទួលសំណង ៦ម៉ឺនដុល្លារ តែជនបង្កប្រឈមទោសព្រហ្មទណ្ឌដដែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបុករត់នៅសែនសុខ៖ គ្រួសារជនរងគ្រោះទទួលសំណង ៦ម៉ឺនដុល្លារ តែជនបង្កប្រឈមទោសព្រហ្មទណ្ឌដដែល

ការបុករត់នៅសែនសុខ៖ គ្រួសារជនរងគ្រោះទទួលសំណង ៦ម៉ឺនដុល្លារ តែជនបង្កប្រឈមទោសព្រហ្មទណ្ឌដដែល

គ្រួសាររបស់ជនបង្ក សាម ម៉ីជូ ដែលបានបើករថយន្តទំនើបបុកបុរសម្នាក់ស្លាប់នៅក្បែរផ្សារអ៊ីអន២ ខណ្ឌសែនសុខ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ បានផ្តល់សំណង៦ម៉ឺនដុល្លារដល់គ្រួសារជនរងគ្រោះ។ តែទោះបីយ៉ាងណា ជនបង្កនៅតែប្រឈមមុខនឹងទោសព្រហ្មទណ្ឌជាប់ពន្ធនាគារដដែល។

ឪពុករបស់ជនបង្កឈ្មោះ សាម ម៉ីជូ បានផ្តល់សំណងរដ្ឋប្បវេណីចំនួន៦ម៉ឺនដុល្លារ ដល់ប្រពន្ធជនរងគ្រោះក្នុង​ហេតុការណ៍បុកស្លាប់​ស្វាមីរបស់ខ្លួនកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្សារទំនើបអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ការផ្តល់សំណងនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាថ្នូរ ភាគីគ្រួសារជនរងគ្រោះបានយល់ព្រមដកពាក្យបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលចុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់សាលាដំបូងរាជធានីភ្នំពេញ។  ប៉ុន្តែទោះបីជាមានការដោះស្រាយបញ្ច​ប់សំណងរដ្ឋប្បវេណីក៏ដោយ ក៏ជនបង្កមិនអាចរួចខ្លួនពីទោសព្រហ្មទណ្ឌបានឡើយ។ ​

ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការព្រមព្រៀង ឬការទូទាត់សំណងរដ្ឋប្បវេណីជូនជនរងគ្រោះ គឺជាការរំលត់ត្រឹមតែបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ។ ប៉ុន្តែ មិនធ្វើឱ្យរំលត់បណ្ដឹងអាជ្ញា ឬរំលត់ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ។ ដូច្នេះ ដំណើរការក្តីផ្នែកព្រហ្មទណ្ឌ នៅតែបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

Advertisement

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការសម្រេចទោស ការអនុវត្តទោស ឬការពិចារណាលើស្ថានសម្រាលទោសផ្សេងៗ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័នតុលាការឯករាជ្យ ក្នុងការពិនិត្យ និងវិនិច្ឆ័យទៅតាមអង្គហេតុ និងអង្គច្បាប់នៃសំណុំរឿងនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការនៃសំណុំរឿងនេះ ដើម្បីធានាថា គ្រប់នីតិវិធីទាំងអស់ត្រូវបានអនុវត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងស្របតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ជនរងគ្រោះបើកបរម៉ូតូ ដែលបានបាត់បង់ជីវិត មានឈ្មោះ គួច លីមហាន អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។​ ចំណែកជនបង្កឈ្មោះ សាម ម៉ីជូ ជាកូនស្រីរបស់ឧកញ៉ាម្នាក់៕ សៅ សុខអេង​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា