រាជរដ្ឋាភិបាល-ផ្នែកឯកជនរួមគ្នារកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល-ផ្នែកឯកជនរួមគ្នារកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា

រាជរដ្ឋាភិបាល-ផ្នែកឯកជនរួមគ្នារកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា

រាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានជួបពិភាក្សាស្វែករកដំណោះស្រាយ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលរៀបចំឡើងកាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២៦។

វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម ក្នុងនោះមានការនាំចូលនិងផលិតកម្មអំបិល ការទទួលបានហិរញ្ញប្បទាន ការលើកទឹកចិត្តវិនិយោគ ថ្លៃអគ្គិសនី និងនីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម។

បញ្ហាប្រឈមផ្សេងទៀតមានដូចជា ការអនុវត្តបទប្បញ្ញត្តិផ្នែកបរិស្ថាន បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ការកែច្នៃគ្រាប់ស្វាយចន្ទី និងការបញ្ជាក់ស្តង់ដាផលិតផល។ ក្រៅពីនេះ វិស័យឯកជនបានលើកឡើងពីការលំបាកក្នុងការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។

Advertisement

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» បានគូសបញ្ជាក់ថា តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះមិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបានលើកឡើងនោះទេប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់អាចអនុវត្តនិងតាមដានបាន។

ឯកឧត្តមបញ្ជាក់ថា បញ្ហាប្រឈមរបស់វិស័យឯកជនមិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយឬបទប្បញ្ញត្តិនោះទេ។ក្នុងករណីជាច្រើនបញ្ហាកើតចេញពីគម្លាតរវាងគោលនយោបាយការអនុវត្តនិងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច។”

ការពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពបើកចំហ និងស្ថាបនា ដោយបញ្ហា និងសំណូមពរទាំងអស់ត្រូវបានពិនិត្យ និងដោះស្រាយក្នុងក្របខណ្ឌក្រុមការងារ ទាំងនៅកម្រិតបច្ចេកទេស និងកម្រិតគោលនយោបាយ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួន រួមមានការបន្តធ្វើសាមញ្ញកម្មនីតិវិធី និងរដ្ឋបាល ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រីកការបណ្តុះបណ្តាលជំនាញផ្អែកលើតម្រូវការរបស់ឧស្សាហកម្ម គាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការសម្របសម្រួលស្ថាប័ន និងកំណត់យន្តការតាមដាន ដើម្បីធានាការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព។

ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន ពិភាក្សា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្ត ដែលប៉ះពាល់ដល់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា។

យន្តការនេះមានគោលបំណងប្រែក្លាយបញ្ហាប្រឈមរបស់វិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញការអភិវឌ្ឍវិស័យឯកជន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា