សម្តេចធិបតី៖ វប្បធម៌-ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិដើមភាគតិចធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ វប្បធម៌-ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិដើមភាគតិចធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល

សម្តេចធិបតី៖ វប្បធម៌-ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិដើមភាគតិចធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល

ក្នុងសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធ «ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក» លើកទី៣២ និងលើកទី២២ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតអបអរសាទរ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ ជីវភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់បងប្អូនជនជាតិដើមភាគតិចនៅទូទាំងប្រទេស។

Advertisement

សម្រាប់ឆ្នាំ២០២៦ នេះ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតលើការរួមបញ្ចូលគ្នានូវចំណេះដឹងប្រពៃណី និងវិស័យសុខាភិបាលបែបទំនើប ដើម្បីកែលម្អសុខុមាលភាពក្នុងសហគមន៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះស្មារតីស្នេហាជាតិ ការចូលរួមថែរក្សាធនធានធម្មជាតិ និងការរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនជាតិដើមភាគតិច ដែលបានធ្វើឱ្យកម្ពុជាប្រៀបដូចជា «សួនផ្កាចម្រុះពណ៌»ដ៏ស្រស់ត្រកាល និងរស់រវើក។

ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិចឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តគោលនយោបាយជាតិ ព្រមទាំងពន្លឿនការកំណត់អត្តសញ្ញាណ និងការចុះបញ្ជីដីសមូហភាពជូនសហគមន៍។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលជំរុញឱ្យមានការបណ្តុះបណ្តាលជំនាញឆ្មបបែបវេជ្ជសាស្ត្រទំនើប ការបង្កើតមុខរបរ បង្កើនប្រាក់ចំណូលតាមរយៈទេសចរណ៍វប្បធម៌ និងធម្មជាតិ ព្រមទាំងការរៀបចំមជ្ឈមណ្ឌលពិព័រណ៍សហគមន៍សម្រាប់រៀបចំការសិក្សាស្រាវជ្រាវ និងអភិរក្សយូរអង្វែង។

បន្ថែមលើនេះ រាជរដ្ឋាភិបាលជំរុញការផ្តល់ឱកាសអប់រំ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលដល់យុវជនជនជាតិដើមភាគតិច ព្រមទាំងលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយឲ្យបង្កើនការផលិត និងផ្សព្វផ្សាយអំពីសក្តានុពល និង គុណតម្លៃនៃជនជាតិដើមភាគតិច ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ បានជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងរួមគ្នាអភិរក្សវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច។

សម្តេចធិបតី ក៏បានអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បន្តគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានស្នើឱ្យគ្រប់ភាគីរួមគ្នារក្សាព្រៃឈើ និងដាំដុះរុក្ខជាតិឱសថបុរាណ ជាពិសេសការរក្សាសាមគ្គីភាពផ្ទៃក្នុង និងការផ្ទេរចំណេះដឹងដូនតាទៅកាន់កូនចៅជំនាន់ក្រោយ ដើម្បីកសាងសង្គមជាតិមួយដែលមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ក្រោមដំបូល «ខ្មែរតែមួយ»៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា