ឯកឧត្តម សាយ សំអាល់ ចាត់ទុកសមាជិកថ្មីមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ចាត់ទុកសមាជិកថ្មីមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត

ឯកឧត្តម សាយ សំអាល់ ចាត់ទុកសមាជិកថ្មីមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអរគុណដល់សមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តព្រះសីហនុ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតនៅក្នុងខ្សែជីវិតរបស់ខ្លួន។ ឯកឧត្តមយល់ថា នេះគឺជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅក្នុងការជ្រើសរើសយកជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

Advertisement

ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សក្រុងដែលបានខិតខំប្រឹងប្រែងកសាងនូវសមាជិកបានកាន់តែច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា ការបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ​គឺជាការកសាងពូនជ្រុំគណបក្សឱ្យកាន់តែរឹងមាំនិងបន្តដំណើរឆ្ពោះទៅមុខទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សក្រុង ស្រុក ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្ដាលដែលបានខិតខំប្រឹងប្រែងពូនជ្រុំគណបក្សនៅមូលដ្ឋានបានរឹងមាំ ដែលនេះគឺជាចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការសម្រេចចិត្តឈានជើងចូលក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះបេសកកម្មរបស់យើងមិនមែនគ្រាន់តែដើម្បីគៀងគរសមាជិកគណបក្សឲ្យបានចំនួនច្រើនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់គឺត្រូវផ្ដោតលើគុណភាព ដោយថ្នាក់កណ្ដាលត្រូវរួមគ្នាជាមួយថ្នាក់មូលដ្ឋាន ដើម្បីកសាងពូនជ្រុំបក្សឱ្យបានរឹងមាំ។ ការងារនេះទាមទារឲ្យមានការប្រមូលផ្ដុំមនុស្ស ដែលមានការគិតគូរ និងទស្សនៈស្រដៀងគ្នា ដោយមិនចាំបាច់តតាំងទៅនឹងអ្នកដែលមានទស្សនៈផ្ទុយពីនេះទេ។

ការសម្រេចចិត្តរបស់សមាជិកថ្មីនាពេលនេះ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងតែដើរលើវិថីមួយដ៏ត្រឹមត្រូវឆ្ពោះទៅមុខសម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ហើយនេះគឺជារនាំងការពារដ៏ធំមួយដែលសមាជិកបក្សបានយល់ដឹងអំពីមាគ៌ារបស់បក្ស និងនយោបាយរបស់បក្សដែលបានធ្វើយ៉ាងត្រឹមត្រូវ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីគោលជំហររបស់គណបក្សប្រជាជនកម្ពុជា និងជំហររបស់កម្ពុជា គឺនៅតែប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានន័យថា ការប្រកាន់យកការបោះឆ្នោតជាធំដើម្បីឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំដែលពួកគាត់ពេញចិត្តតាមរយៈការបោះឆ្នោត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកដឹកនាំតម្រង់ទិសបានត្រឹមត្រូវ ទាំងវិស័យសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះចាប់ពីពេលនេះតទៅមុខទៀត គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុត្រូវរួបរួមគ្នា ងាកមកពង្រឹងខឿនសេដ្ឋកិច្ចដែលមានស្រាប់នៅក្នុងខេត្ត ធ្វើឱ្យកាន់តែប្រសើរឡើង និងមានលំហូរប្រាក់ចំណូលកាន់តែច្រើនឡើងសម្រាប់ខេត្ត ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា