អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។

Advertisement

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាល ដូចតទៅ៖
ទី១. អំពីព្រំដែនសមុទ្រ៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះដោយសារតែអស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នោះគឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលឆ្លុះបញ្ចំាងពីការយល់ឃើញរួមគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃបានសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះជាឯកតោភាគីបើទោះបីជាកម្ពុជាបានស្នើដោយទទូចឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា មិនអាចប្រើប្រាស់ទៀតបានឡើយ។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ នេះជាការពន្យល់ហេតុផលយ៉ាងច្បាស់លាស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចបន្តថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រដែលក្នុងនោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយបង្ខំដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប និងសុទ្ធសឹងតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី។ សូមបញ្ជាក់ថា បច្ចុប្បន្ន ភាគីទាំងពីរកំពុងជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សារ។

ទី២. ដំណោះស្រាយព្រំដែនគោក៖
ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូតពីព្រោះជម្លោះប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ គឺក្នុងន័យនេះហើយដែលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ហេតុនេះហើយទើបបានជារាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ នៅលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។ កម្ពុជាគាំទ្រពេញទំហឹងនូវតួនាទីនិងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ក៏ដូចជាការអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀតឱ្យមានប្រសិទ្ធភាព៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា