អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អ្នកសារព័ត៌មាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៥០០នាក់។

Advertisement

ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់យុវជន និងសិស្សានុសិស្សឱ្យស្រឡាញ់សន្តិភាព ការពារការពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសថៃ ដោយត្រូវចេះជ្រើសរើសប្រភពព័ត៌មានផ្លូវការ ដែលមានប្រភពច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ និងសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវគោលការណ៍ការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ «៣ កុំ ១ ការពារ» ដល់សិស្សានុសិស្ស៖ «៣ កុំ» រួមមាន៖ កុំទាន់ជឿ កុំទាន់ចែករំលែក កុំប្រហែស នៅពេលទទួលបានព័ត៌មានណាមួយ។ ពោលគឺត្រូវចេះបង្កើតទម្លាប់បង្អាក់បន្តិចសិន ដើម្បីផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ មុននឹងសម្រេចចិត្តជឿ ឬចែករំលែក។
«១ ការពារ» គឺ៖ ការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ តាមរយៈការបង្កើនអក្ខរកម្មព័ត៌មាន និងការពិនិត្យប្រភពឱ្យបានច្បាស់លាស់ មុននឹងជឿ ឬផ្សព្វផ្សាយបន្ត។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖ «យុទ្ធនាការរបស់យើងគឺលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារសហគមន៍។ ក្នុងនាមជាសមរភូមិក្រោយ យើងត្រូវបង្កើនចំណេះដឹង និងកម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីក្លាយជាខែល និងប្រព័ន្ធការពារដ៏រឹងមាំ ដើម្បីទប់ស្កាត់សង្គ្រាមសតិអារម្មណ៍ពីក្រុមទុច្ចរិត និងក្រុមជ្រុលនិយម ដែលមានចេតនាអាក្រក់ក្នុងការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ។»

ជាការឆ្លើយតប តំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យបន្ទាយអំពិល បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញតួនាទីជាសមរភូមិក្រោយដ៏រឹងមាំ ដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ ក៏ដូចជាការការពារសហគមន៍ពីការចែកចាយព័ត៌មានក្លែងក្លាយផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ទៀតថា ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ភាគច្រើនមានប្រភពមកពីក្រៅប្រទេស ដែលត្រូវបានផ្សព្វផ្សាយដោយជនអគតិ និងក្រុមជ្រុលនិយមមួយចំនួនតូច ក្នុងចេតនាអាក្រក់ដើម្បីបំភ្លៃ បំផ្លើស បំពុលបំភាន់មតិសាធារណៈ ឬបំផ្លាញកិត្តិនាមជាតិ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន ឱ្យមានស្មារតីស្នេហាជាតិ និងចូលរួមយ៉ាងសកម្មក្នុងស្មារតីរួមកម្លាំងនៃសមរភូមិក្រោយ ដែលជាសមរភូមិព័ត៌មាន សង្គម និងផ្លូវចិត្ត ដើម្បីគាំទ្រដល់សមរភូមិមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថាការដែលយុវវ័យពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបានរឹងមាំ វានឹងនាំនូវសន្តិសុខសតិអារម្មណ៍ និងការរក្សាភាពរឹងមាំផ្លូវចិត្ត ដែលកាត់បន្ថយភាពជ្រួលច្របល់ មិនឱ្យតក់ស្លុត ឬមិនធ្លាក់ចូលទៅក្នុងល្បិចបំបែកបំបាក់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្មារតីរួបរួមជាតិឡើយ។ បន្ថែមលើនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់យុវវ័យទាំងអស់ចូលរួមទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍ ដោយការប្រើប្រាស់ចំណេះដឹង ហេតុផល និងស្មារតីទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារផ្នែកផ្លូវចិត្ត ការប្រឌិតរឿង និងការបំភ្លៃការពិតពីមជ្ឈដ្ឋានខាងក្រៅ ឬក្រុមអគតិ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា