ឧទ្យានអង្គរផ្សព្វផ្សាយផែនការមេវត្តអារាមលើកដំបូង ដើម្បីលើកកម្ពស់ពុទ្ធសាសនា និងបេតិកភណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧទ្យានអង្គរផ្សព្វផ្សាយផែនការមេវត្តអារាមលើកដំបូង ដើម្បីលើកកម្ពស់ពុទ្ធសាសនា និងបេតិកភណ្ឌ

ឧទ្យានអង្គរផ្សព្វផ្សាយផែនការមេវត្តអារាមលើកដំបូង ដើម្បីលើកកម្ពស់ពុទ្ធសាសនា និងបេតិកភណ្ឌ

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ បើកយុទ្ធនាការផ្សព្វផ្សាយ «ផែនការមេវត្តអារាម» លើកដំបូង ដើម្បីលើកកម្ពស់តម្លៃពុទ្ធសាសនា និងបេតិកភណ្ឌ។

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ដែលមានព្រះមេគណខេត្តសៀមរាបជាព្រះប្រធាន ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយផែនការមេសម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១ កាលពីចុងសប្តាហ៍កន្លងទៅ។
 
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភគាំទ្រ និងសហការរៀបចំវត្តអង្គរខាងជើងឱ្យមានសោភណភាពស្រស់ស្អាត ស័ក្តិសមជាទីបដិបត្តិធម៌។ ព្រះអង្គមានបន្ទូលបន្ថែមថា ទៅថ្ងៃអនាគត វត្តអង្គរខាងជើងនឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ទីតាំងធ្វើសមាធិ និងជាកន្លែងទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាគំរូដ៏ប្រពៃសម្រាប់វត្តដទៃទៀត។
 
ជាមួយគ្នានេះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានសម្តែងព្រះទ័យរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ និងបានផ្តាំផ្ញើឱ្យគណៈសង្ឃខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តរៀបចំប្លង់មេនៅតាមបណ្តាវត្តផ្សេងៗទៀតក្នុងតំបន់អង្គរ ជាពិសេសវត្តអង្គរខាងត្បូងឱ្យបានឆាប់។
 
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការរៀបចំកែប្រែទីវត្តអារាមនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ព្រះសង្ឃ និងដើម្បីលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា។ លោកជំទាវបានបន្ថែមថា អ្នកជំនាញការអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលអាចបញ្ជូលកិច្ចការសាសនា និងការការពារបេតិកភណ្ឌឱ្យដើរទន្ទឹមគ្នាយ៉ាងរលូន ដែលជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសផ្សេងៗយកទៅអនុវត្តតាម។
 
គួរបញ្ជាក់ផងដែរថា ក្នុងពិធីផ្សព្វផ្សាយនេះ មានការបង្ហាញអំពីដំណើរការរៀបចំប្លង់មេសរុបចំនួន ៥វត្ត រួមមាន វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារប្រាំពីរល្វែង វត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព។ ការរៀបចំប្លង់មេនៃវត្តនីមួយៗ ត្រូវបានក្រុមការងារបច្ចេកទេសគិតគូរយ៉ាងល្អិតល្អន់បំផុត ដោយរួមបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាងទ្រឹស្តីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណីខ្មែរ សិល្បៈ បរិស្ថាន និងសោភ័ណភាពឱ្យស៊ីសង្វាក់គ្នាជាធ្លុងមួយ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា